(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពតនៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០នេះ បានអញ្ជើញប្រគល់ប័ណ្ណ និងលិខិតសរសើរ ព្រមទាំងថវិការង្វាន់ជ័យលាភី ជូនដល់រដ្ឋបាលឃុំសង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ ដែលមានស្នាដៃល្អក្នុងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ប្រចាំឆ្នាំ២០១៩។

ក្នុងពិធីប្រគល់នោះ លោកអភិបាលខេត្ត ជាវ តាយ បានថ្លែងថា ក្នុងឆ្នាំ២០១៩កន្លងទៅនេះ ការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈមានលក្ខណៈល្អប្រសើរ លើគ្រប់ផ្នែក ទាំងសន្តិសុខក្នុងភូមិសាស្ត្រខេត្តកំពត ក៏ដូចជាសន្តិសុខនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម។

ជាមួយការអនុវត្តភារកិច្ចដ៏ចាំបាច់នេះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សមត្ថកិច្ចពាក់ព័ន្ធបានចូលរួមយ៉ាងសកម្ម និងសស្រាក់សស្រាំ យកចិត្តទុកដាក់អស់ពីកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី ចូលរួមរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងភាពសុខដុមរមនា ជូនថ្នាក់ដឹកនាំជាន់ខ្ពស់ ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលបានចូលមកទស្សនា និងសម្រាកនៅក្នុងខេត្តកំពត។

លោកអភិបាលខេត្ត បានបន្តថា «ក្នុងសា្ថនការណ៍ប្រទេសជាតិរបស់យើងដែលកំពុងជួបប្រទះនូវបញ្ហាជំងឺកូវីដ១៩ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក៏បានចូលរួមយ៉ាងសកម្មនៅក្នុងយុទ្ធនាការ បង្ការ និងប្រយុទ្ធប្រឆាំង ពាក់ព័ន្ធជំងឺដ៏កាចសាហាវនេះ តាមរយៈយុទ្ធនាការផ្សព្វផ្សាយ សារជាសម្លេង របស់ក្រសួងសុខាភិបាល ស្តីពីវិធានការអនាម័យសុខភាព ការត្រៀមបម្រុង នូវកន្លែងសម្រាប់ព្យាបាលអ្នកផ្ទុកជំងឺ ការស្រង់ស្ថិតិពលករ ដែលវិលត្រឡប់មកពីប្រទេសជិតខាង និងចូលរួមអនុវត្តយ៉ាងសកម្មរាល់បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្ត»

សូមបញ្ជាក់ថា ក្នុងចំណោមឃុំសង្កាត់ទាំង៩៣ ក្នុងខេត្តកំពត មានឃុំ និងប៉ុស្តិ៍នគរបាលរដ្ឋបាល ចំនួន៦៩ ទទួលបានជ័យលាភីប្រភេទលេខ១ ឃុំនិងប៉ុស្តិ៍នគរបាលរដ្ឋបាល ចំនួន២៣ ទទួលបានជ័យលាភី ប្រភេទលេខ២, ឃុំនិងប៉ុស្តិ៍នគរបាលរដ្ឋបាល ចំនួន០១ ទទួលបានជ័យលាភីប្រភេទលេខ៣៕