(ពោធិ៍សាត់)៖ ខួបលើកទី ៣៧ នៃទិវាជ័យជម្នះ ៧ មករា ត្រូវបានប្រព្រឹត្តទៅយ៉ាងឱឡារិក នៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៦ នាទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកបាកាន ក្រោមអធិបតីភាព លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តពោធិ៍សាត់ រួមដោយលោក លោកស្រី អ្នកតំណាងរាស្រ្តមណ្ឌលខេត្តពោធិ៍សាត់ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធជុំវិញខេត្ត ស្រុកបាកាន ក្រុមប្រឹក្សាឃុំ លោកគ្រូ អ្នកគ្រូ ចាស់ព្រឹទ្ធាចារ្យ និវត្តន៍ជន សិស្ស ប្រជាពលរដ្ឋស្រុកបាកាន ប្រមាណ១៥០០នាក់ ក្រោមបរិយាកាសប្រកប ដោយអត្ថន័យរលឹកគុណអបអរសាទរ និងរីករាយស្និទស្នាល។

ក្នុងឱកាសនោះ លោក ស៊ុយ សែម បានមានមតិសំណេះសំណាលជាមួយ អ្នកចូលរួមពិធីថា អង្គពិធីទាំងមូលបានស្តាប់រួចហើយ សន្ទរកថារបស់សម្តេចតេជោ នាយករដ្ឋមន្រី្ត គឺមានអត្ថន័យខ្លឹមសារគ្រប់ជ្រុង ដែលនេះគឺជាសច្ចៈធម៌ប្រវត្តិសាស្រ្ត ទោះបីមានក្រុមប្រឆាំងថ្ងៃនេះ ទាំងខ្លួនឯងរស់សព្វថ្ងៃដោយសារថ្ងៃ ៧ មករា ក៏ដោយ ក៏ប៉ុន្តែនេះគឺជាសិទ្ឋរបស់អ្នកប្រឆាំង។

លោករដ្ឋមន្រ្តី ក៏បានបញ្ជាក់ជូនអំពីការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយ ជូនប្រជាពលរដ្ឋដូចជា ការលើកលែងពន្ធ លើមធ្យោបាយដឹកជញ្ជូនមួយចំនួន ការបញ្ចុះថ្លៃអគ្គិសនី ជាពិសេសសម្រាប់ក្មួយៗ កម្មករកម្មការនី ផ្ទះជួល ដែលរហូតមកទល់ពេកនេះយើ ងបានភ្ជាប់ជូន ២០២២៩៧ បន្ទប់រួចហើយ ការគិតគូរបញ្ហាថ្លៃស្រូវ ការពិនិត្យឡើងវិញ​ តម្លៃបណ្ណ័បើកបរជាដើម។ល។

ជាចុងក្រោយលោករដ្ឋមន្រ្តីបាន សំណូមពរដល់អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ សូមមេត្តាបម្រើប្រជាលរដ្ឋឲ្យបានល្អ កុំធ្វើអ្វីបង្កការលំបាកដល់ប្រជាជន ជួយសម្រួលគ្រប់បែបយ៉ាងករណីគាត់ ត្រូវការឲ្យជួយ និងត្រូវពង្រឹងគោលការណ៏ទាំង៩ចំនុច ភូមិ ឃុំ មានសុវត្ថិភាព ជាពិសេសគឺល្បែង និងគ្រឿងញៀន ដែលបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សង្គមជាតិ និងសូមឲ្យថ្នាក់ដឹកនាំ និងសមាជិកបក្សទាំងអស់ខិតខំប្រឹងប្រែងធ្វើការ សាមគ្គីគ្នា ដើម្បីជ័យជម្នះក្នុងការបោះឆ្នោតខាងមុខនេះ។

បន្ទាប់ពីបញ្ចប់ការសំណេះសំណាល ក៏មានរៀបចំពិធីទទួលទានអាហារសាមគ្គីរួមគ្នា ប្រកបដោយក្តីរីករាយ ស្និតស្នាល ផងដែរ៕