(ស៊ីរី)៖ បំផ្ទុះគ្រាប់បែកអត្តឃាតគឺជាជំនាញក្រុមឧទ្ទាម ជាពិសេសនៅពេលនេះគឺសកម្មភាពរបស់ក្រុម ISIS បាន​ធ្វើ​ឲ្យពិភពលោកព្រួយបារម្ភយ៉ាងខ្លាំង ព្រោះមានមនុស្សជាច្រើនបានស្លាប់ដោយសារតែអំពើភេរវកម្មរបស់ក្រុមមួយនេះ។

ដើម្បីពង្រីកឥទ្ធិពល និងអំណាចរបស់ខ្លួនឲ្យបានយូរអង្វែង ថ្មីៗនេះ ក្រុមឧទ្ទាម ISIS បានបង្កើតជាសកលវិទ្យាល័យ​​មួយដែលមានឈ្មោះថា «University of Jihad» ដើម្បីបង្ហាត់​បង្រៀន​ភេរវករ​ជំនាន់​ក្រោយឲ្យចេះពីរបៀបធ្វើភេរវកម្ម​ជាដើម។

តាមការចេញផ្សាយរបស់សារព័ត៌មាន Sky News នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៦ ម្សិលមិញនេះ បានឲ្យដឹងថា សកលវិទ្យាល័យ​របស់ក្រុមឧទ្ទាម ISIS នឹងធ្វើការបង្រៀនទៅលើជំនាញច្នៃ និង​ផលិត​មីស៊ីល ព្រមទាំង​របៀប​ច្នៃ​រថយន្តសម្រាប់បំផ្ទុះអត្តឃាត ហើយបើតាមការប៉ាន់ប្រមាណគឺមីស៊ីលច្នៃនេះហើយដែលបាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើររុស្ស៊ីនៅអេហ្ស៊ីប។

គួរបញ្ជាក់ផងដែរថា ថ្នាក់បណ្ដុះបណ្ដាលជំនាញភេរវកម្ម និងអត្តឃាតនេះ ត្រូវបានគេដឹងថា នឹងទទួល​​សិស្ស​មក​ពី​ច្រើន​ប្រទេស​ផ្សេង​គ្នាដូចជា ស៊ីរី ទុយណេស៊ី អេហ្ស៊ីប ប៉ាគីស្ថាន ស៊ូដង់និង​សូម៉ាលី
​ជា​ដើម ដែលសុទ្ធសឹងតែ​ជា​​សកម្មប្រយុទ្ធ និងសម្ព័ន្ធមិត្តរបស់ក្រុម ISIS៕