(ភ្នំពេញ)៖ អាជ្ញាធរខណ្ឌច្បារអំពៅ សហការជាមួយមន្ត្រីអគ្គនាយកដ្ឋានការពារ អ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ដោយបានការឯកភាពពីលោក សំម ឫទ្ធីវាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យ និងឆែកឆេរឃ្លាំងគ្មានលេខមួយកន្លែង ស្ថិតនៅភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ដោយរកឃើញអាល់កុលក្លែងក្លាយចំនួន១ពាន់លីត្រ។

កាបង្ក្រាបនេះធ្វើឡើងនារសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០។ បើតាមអ្នកគ្រប់គ្រងឃ្លាំងមួយនេះ ឈ្មោះ ង្វៀង វ៉ានដាត ជាជនជាតិវៀតណាម អះអាងប្រាប់មន្ត្រីជំនាញថា អាល់កុលក្លែងក្លាយចំនួន១ពាន់លីត្រនេះ គឺបានដឹកចូលតាមច្រកជ្រៃធំ ខេត្តកណ្តាល តាំងពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ មកម្ល៉េះ។

ទោះបីយ៉ាងណា ឃ្លាំងគ្មានលេខមួយនេះត្រូវបានសម្រេចបិទជាបណ្តោះអាសន្ន ខណៈសម្ភារៈទាំងអស់ត្រូវរក្សាទុកក្នុងឃ្លាំងនេះរង់ចាំចំណាត់ការជាបន្តបន្ទាប់ទៀត។

ជនជាតិវៀតណាម ង្វៀង វ៉ានដាត អ្នកគ្រប់គ្រងឃ្លាំងមួយនេះបានរៀបរាប់ថា ចំពោះទំនិញជាអាល់កុលក្លែងក្លាយចំនួន៣៤កាន ស្មើនឹង ១ពាន់លីត្រនេះ គឺបានដឹកចូលតាំងពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ ដោយមិនឃើញម្ចាស់មកទទួលនោះទេ រហូតដល់ពេលមានសមត្ថកិច្ចចម្រុះ ចុះមកធ្វើការឆែកឆេរ និងធ្វើតេស្ត ហើយរកឃើញថាជាមេតាណុល៕