(ភ្នំពេញ)៖ គ្រឿងញៀនប្រភេទមេតំហ្វេតាមីន ឬម៉ាទឹកកកប្រមាណជាង១៦គីឡូក្រាម និងជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន រួមនឹងនគរបាលខណ្ឌបឹងកេងកង និងខណ្ឌទួលគោកពួតដៃគ្នា បង្ក្រាបបានជាបន្តបន្ទាប់។ នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់នគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០នេះ។

ការបង្ក្រាបករណីគ្រឿងញៀនដ៏ធំនេះ ធ្វើឡើងក្រោមការដឹកនាំផ្ទាល់ពីនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន បន្ទាប់ពីទទួលបញ្ជាពីនាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។

សកម្មភាពស៊ើបអង្កេតរហូតឈានដល់ការបង្ក្រាបករណីខាងលើនេះ ធ្វើឡើងដំបូងនាថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ នៅចំណុចផ្លូវលេខ១៦៣ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង កម្លាំងជំនាញរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៧) ដឹកនាំដោយលោកនាយករង សឿង ណុល មានការសម្របសម្រួលពីលោក សឿន មុនីរត្ន័ ព្រះរាជអាជ្ញារង និងមានអធិការរងខណ្ឌទួលគោកចូលរួមផងដែរ។

ក្នុងនោះគោលដៅទី១ ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សឿង ធាវ៉ា អាយុ ៣៧ឆ្នាំ ដកហូតបានម្សៅក្រាមសថ្លា សង្ស័យមេតំហ្វេតាមីន (ICE) ទម្ងន់ប្រហែលកន្លះគីឡូក្រាម រួចបន្តទៅឆែកឆេរគោលដៅទី២ទៀត នាថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ នៅចំណុចបន្ទប់ជួលលេខ ៣៣c ផ្ទះលេខ ២៥z ផ្លូវលេខ ២៥១ ភូមិ១៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ អឿង ឌីចាន់ណា អាយុ ៣៧ឆ្នាំ ដកហូតបានម្សៅសថ្លាសង្ស័យមេតំហ្វេតាមីន (ICE) ចំនួន១៦ដុំ ទម្ងន់ប្រហែល ១៦គីឡូក្រាម។

មន្ត្រីនគរបាលបានឱ្យដឹងថា ក្រោយពីធ្វើតេស្ត និងថ្លឹងរួចឃើញថា គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) មានទម្ងន់សរុបប្រមាណជិត ១៦.៥គីឡូក្រាម៕