(ភ្នំពេញ)៖ លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌឫស្សីកែវ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួនចំនួន ៥៦ម៉ឺនរៀលក្នុងមួយខែ រយៈពេល៦ខែ គិតចាប់ពីខែឧសភា ដល់ខែវិច្ឆិកា ឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌឫស្សីកែវ បានថ្លែងថា «ក្នុងស្មារតីចែករំលែករួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនិងជម្ងឺឆ្លងកូវីដ-១៩ ដែលកំពុងស្ថិតក្នុងស្ថានភាព បន្ដរីករាលដាល នៅក្នុងព្រះរាជាណាចក្រកម្ពុជា ខ្ញុំបាទសូមចូលរួមបរិច្ចាគដោយស្ម័គ្រចិត្តនូវប្រាក់បៀវត្សរបស់ខ្ញុំ ចំនួន ៥៦០០០០ រៀល (ហាសឹបប្រាំមួយម៉ឺនរៀល) ក្នុងមួយខែ សម្រាប់រយៈពេល ៦ខែ ដោយគិតចាប់ពីខែឧសភា រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២០ ជូនគណៈកម្មាធិការជាតិប្រយុទ្ធនឹងជម្ងឺកូវីដ១៩(Covid-19)។ ប្រាក់បៀវត្សរបស់ខ្ញុំខាងលើនេះ នឹងបង្វែរចូលទៅក្នុងគណនី របស់គណៈកម្មាធិការជាតិ ប្រយុទ្ធនឹងជម្ងឺកូវីដ-១៩ រៀងរាល់ពេលបើកប្រាក់»

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់ សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០៕