(អាមេរិក)៖ ប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក បានចែករំលែកបទពិសោធន៍មួយ នៅពេលទទួលសេវាសុខាភិបាល ដោយលាយលំជាមួយ សាររិះគន់យ៉ាងចាស់ដៃ ទៅលើការធ្វើតេស្ដ និងព្យាបាលជំងឺ COVID-19 នៅសហរដ្ឋអាមេរិក។

តាមរយៈវីដេអូដែលបានចែកចាយក្នុងបណ្ដាញសង្គម Facebook បុរសជនជាតិខ្មែររូបនោះ បានអះអាងថា នៅពេលខ្លួនមានអាការៈស្រដៀង ជំងឺ COVID-19 ហើយទៅឲ្យពេទ្យអាមេរិកពិនិត្យ ស្រាប់តែពេទ្យនោះ ឆ្លើយត្រឡប់មកវិញថា ពួកគេគ្មានឧបករណ៍សម្រាប់ធ្វើតេស្ដនោះឡើយ ដោយគ្រាន់តែយកសំឡៃដាក់ចូលច្រមុះ ដើម្បីពិនិត្យរកជំងឺផ្ដាសាយធម្មតាប៉ុណ្ណោះ។

បុរសជនជាតិខ្មែររូបនេះ បានឲ្យដឹងទៀតថា តាមអ្វីដែលលោកធ្លាប់ឃើញអត្ថបទព័ត៌មានផ្សព្វផ្សាយ បានបញ្ជាក់ថា មន្ទីរពេទ្យនៅក្នុងរដ្ឋចចារ សហរដ្ឋអាមេរិក អាចមានសមត្ថភាពធ្វើតេស្ដអ្នកជំងឺសង្ស័យកើត COVID-19 បានត្រឹមតែ៥០នាក់ប៉ុណ្ណោះ ខណៈប្រជាជននៅទីនោះប្រមាណ៧-៨លាននាក់។

លោកបានបន្ថែមទៀត បើយោងតាមសម្ដីរបស់គ្រូពេទ្យនៅទីនោះបានប្រាប់ ប្រសិនបើពលរដ្ឋណាដែលរកឃើញមានជំងឺ COVID-19 គឺតម្រូវឲ្យទៅសម្រាកព្យាបាលនៅផ្ទះខ្លួនឯង ដោយហេតុថា មន្ទីរពេទ្យគ្មានកន្លែងដើម្បីឲ្យស្នាក់នៅព្យាបាលនោះឡើយ។

សូមទស្សនាវីដេអូ នៃការរៀបរាប់របស់បុរសជនជាតិខ្មែរ អំពីបទពិសោធន៍ទៅរកសេវាពិនិត្យរក COVID-19 នៅសហរដ្ឋអាមេរិក៖