(មណ្ឌលគិរី) លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និងជាប្រធានគណៈកម្មាធិការសាខាកាកបាទកាកបាទក្រហមកម្ពុជាខេត្ត បានជំរុញដល់រដ្ឋបាលក្រុងសែនមនោរម្យ ត្រូវចូលរួមផ្សព្វផ្សាយពីវិធីការពារ ទប់ស្កាត់ និងបង្ការជំងឺកូវីដ១៩ ដោយការធ្វើអនាម័យជាប់ជាប្រចាំដល់ប្រជាពលរដ្ឋ។
លោក ស្វាយ សំអ៊ាង បានមានប្រសាសន៍ក្នុងពិធីជួបសំណេះសំណាលជាមួយរដ្ឋបាលក្រុងសែនមនោរម្យ និងបានប្រគល់សម្ភារ និងអំណោយមួយចំនួន ដល់រដ្ឋបាលក្រុង និងសង្កាត់ទាំង០៤ក្នុង ដើម្បីបន្តអប់រំដល់ប្រជាពលរដ្ឋ ពិធីនេះប្រព្រឹត្តទៅនៅសាលាក្រុងសែនមនោរម្យ នារសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០។

លោក​ ស្វាយ សំអ៊ាង ក៏បានថ្លែងផ្តាំផ្ញើដល់រដ្ឋបាលក្រុងសែនមនោរម្យ ត្រូវអប់រំបងប្អូនប្រជាពលរដ្ឋត្រូវលាងដៃជាមួយសាប៊ូ ទឹកអាល់កុល រឺជែល ជាប្រចាំចៀសវាង ការចាប់ដៃគ្នា ត្រូវប្រើកាយវិការសំពះ ត្រូវពាក់ម៉ាស់ក្នុងទីប្រជុំជន និងរក្សាគម្លាត ២ម៉ែត្រពីគ្នា ហើយត្រូវតាមដានសុខភាពប្រសិនមានអាការៈក្អកមិនបាត់ ក្តៅខ្លួន ខ្លាំង សូមប្រញាប់ទៅមណ្ឌលសុខភាព និងមន្ទីរពេទ្យ រឺខលទៅលេខទូរសព្ទ័១១៥ ដើម្បីទទួលបានសេវាពិនិត្យសុខភាពឲ្យបានត្រឹមត្រូវ និងមិនត្រូវទៅស្វែងរកសេវា ព្យាបាលនៅគ្លីនិចឯកជនដែលពុំមានច្បាប់អនុញ្ញាតនោះទេ។

លោក ស្វាយ សំអ៊ាង ក៏បានទទូចស្នើដល់អាជ្ញាធរមូលដ្ឋានភូមិ សង្កាត់ ត្រូវតាមដាន និងក្ដាប់ឲ្យបានច្បាស់លាស់នូវស្ថិតិប្រជាពលរដ្ឋ ដែលបានចូលមកដល់មូលដ្ឋាន ជាពិសេសពលរដ្ឋ ដែលវិលត្រលប់មកពីក្រៅប្រទេស និងរាយការណ៍ជាប្រចាំថ្ងៃមកថ្នាក់ក្រុង ខេត្ត ជាពិសេសត្រូវអប់រំណែនាំពួកគាត់ឱ្យបានយល់ និងអនុវត្តឲ្យបានខ្ជាប់ខ្ជួនអំពីវិធានការ នៃការដាក់ខ្លួនឯងឱ្យនៅដាច់ដោយឡែកក្នុងរយៈពេល១៤ថ្ងៃ នៅតាមផ្ទះជាលក្ខណៈបុគ្គល ហើយក្នុងករណីមានការសង្ស័យ ត្រូវនាំគាត់ទៅពិនិត្យ និងព្យាបាលជាបន្ទាន់។

នាឱកាសនោះ លោក ស្វាយ សំអ៊ាង បាននាំយកសម្ភារសម្រាប់ប្រើប្រាស់ ដែលជាអំណោយរបស់រដ្ឋបាលខេត្ត ក្រុមការងារយុវជនគណបក្សខេត្ត និងសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមមាន អាល់កុល ៩០លីត្រ ម៉ាស់ការពារ ១២ប្រអប់ សាប៊ូដុំ ១.៤០០ដុំ និងខិតប័ណ្ណចំនួន ២០សន្លឹក ប្រគល់ជូនរដ្ឋបាលក្រុងសែនមនោរម្យ និងសង្កាត់ទាំង៤ក្នុងក្រុងសែនមនោរម្យ ដើម្បីយកទៅចាត់ចែងបន្តនៅក្នុងមូលដ្ឋាន ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩៕