(ស្វាយរៀង)៖ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០នេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី សាខាខេត្តស្វាយរៀង និងយុវជន ស.ស.យ.ក ដឹកនាំដោយលោកវេជ្ជបណ្ឌិត កែរ រដ្ឋា អនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្ររចិត្ត និងជាប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងសហការជាមួយក្រុមប្រឹក្សាសង្កាត់ស្វាយរៀង និងមេភូមិបានចុះផ្សព្វផ្សាយអប់រំផ្តល់ចំណេះដឹងស្តីពីវិធានការការពារទប់ស្កាត់ប្រយុទ្ធប្រឆាំង នឹងជំងឺ COVID-19 និងចែកម៉ាស់ដល់ប្រជាពលរដ្ឋនៅក្នុងភូមិចុងព្រែក និងភូមិស្វាយរៀងនៅក្នុងសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ចំនួន១៨៧ខ្នងផ្ទះ ។

ក្រុមគ្រូពេទ្យស្ម័គ្រចិត្រលោក ហ៊ុន ម៉ានី បានបន្ដចុះអប់រំប្រជាពលរដ្ឋឥតឈប់ឈរ នេះសបញ្ជាក់ពីការខិតខំប្រឹងប្រែងឈឺឆ្អាលដល់ប្រជាពលរដ្ឋក្នុងការលំបាក។ សូមបញ្ជាក់ថា រហូតមកដល់ពេលនេះក្នុងខេត្តស្វាយរៀងពុំមានពលរដ្ឋណាឆ្លងជំងឺ Covid-19 នោះទេ។

ក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត កែរ រដ្ឋា បានឧបត្ថម្ភប្រដាប់ស្ទង់កំដៅ១អាកុល ១០លីត្រ និងម៉ាស់១ប្រអប់ដល់ក្រុមប្រឹក្សាសង្កាត់ស្វាយរៀង និងបានចុះអប់រំប្រជាពលរដ្ឋ ក្នុង ភូមិរោងបន្លែ និងភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ពីវិធីទប់ស្កាត់ ជម្ងឺកូវីដ១៩សំដៅរួមគ្នាបញ្ជៀសជម្ងឺនៅក្នុងសហគមន៍ ខណៈដែលនិន្នាការជម្ងឺបានផ្ទុះ នៅក្នុងខេត្តមួយចំនួនរបស់កម្ពុជាកន្លងមក ។

ក្នុងពេលចុះអប់រំនៅតាមខ្នងផ្ទះពលរដ្ឋ លោកវេជ្ជបណ្ឌិត កែរ រដ្ឋា បានបញ្ជាក់ថា ជម្ងឺកូវីដ១៩ ជាជម្ងឺកាចសហាវ នាបច្ចុប្បន្ន បង្កឲ្យមនុស្សគ្រប់ស្រទាប់ទទួលរងជម្ងឺ និងឈឺស្លាប់បើគ្មានទទួលសេវាព្យាបាលទាន់ពេលវេលា ដូចនេះដើម្បីបញ្ជៀសជម្ងឺ បងប្អូន ត្រូវឧស្សហ៍លាងដៃនឹងសាប៊ូ អោយបានញឹកញាប់ ពេលប្រាស្រយ័ទំនាក់ទំនង ត្រូវពាក់ម៉ាស់ ឬ ក្រម៉ា បើគ្មានករណីចាំចាច់ គួរកុំជួបជុំប្រមូលផ្តុំគ្នាច្រើន ពេលសង្ស័យមានជម្ងឺអ្វី គួររួសរាន់ទៅប្រឹក្សាជាមួយគ្រូពេទ្យដែលនៅជិត ធ្វើអនាម័យភូមិដ្ឋាន បញ្ជៀសទៅកន្លែងចិញ្ចឹមសត្វ ពិសេសពិសារម្ហូបអាហារដែលចំអិនឲ្យឆ្អិន ជៀសវាងហូបបន្លែឆៅ គួរបន្ថយការសេពវគ្រឿងស្រវឹង ហើយកុំធ្វើដំណើរទៅទីប្រជុំជនផងដែរ ។

សូមបញ្ជាក់ថា ខេត្តស្វាយរៀងជាខេត្តជាប់ព្រំដែនកម្ពុជា វៀតណាម បន្ទាប់ពីនិន្នាការជម្ងឺកូវីដ១៩ ផ្ទុះនៅប្រទេសចិន រាជរដ្ឋាភិបាលបានចាត់វិធានការទប់ស្កាត់ជម្ងឺនេះ ក្នុងនោះអាជ្ញាធរខេត្ត រួមនិងមន្ទីរសុខាភិបាលខេត្ត បានរៀបចំធ្វើការត្រួតពិនិត្យភ្ញៀវចេញចូលតាមច្រកព្រំដែនអន្តរជាតិ ច្រកតំបន់ រៀបចំក្រុមគ្រូពេទ្យ និងបន្ទប់ដាច់ដោយឡែក សម្រាប់ អ្នកជម្ងឺសង្ស័យ បានគ្រប់មន្ទីរពេទ្យបង្អែកក្នុងខេត្ត ។

ការចុះអប់រំប្រជាពលរដ្ឋមន្រ្តីរាជការតាមមន្ទីរ អង្គភាពជាបន្តបន្ទាប់ ពិសេសរយៈពេល២សប្ដាហ៍នេះ ក្រុមការងារគ្រូពេទ្យស្មគ្រ័ចិត្តលោក ហ៊ុន ម៉ានី បានចុះអប់រំផ្សព្វផ្សាយ នូវវិធានការបង្ការជម្ងឺ ជូនពលរដ្ឋនៅតាមភូមិមួយចំនួនក្នុងខេត្តបាន៤៨៥ខ្នង ផ្ទះ ៕