(ភ្នំពេញ)៖ ដោយអនុវត្តន៍តាមអនុសាសន៍ដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងសេចក្តីណែនាំរបស់ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌដង្កោ បាននាំយកនូវស្បៀងអាហារ និងសម្ភាររក្សាអនាម័យជាច្រើនមុខ ទៅប្រគល់ជូនដល់ចៅសង្កាត់ទាំង១២ នៃខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងចំណែកស្មើៗគ្នា ដើម្បីយកទៅប្រើប្រាស់ក្នុងសង្កាត់ និងទុកបម្រុងចែកជូនដល់ប្រជាពលរដ្ឋទីទ័លក្រ នៅក្នុងមូលដ្ឋានសង្កាត់នីមួយៗ ក្នុងអំឡុងពេលដែលប្រទេសកម្ពុជា កំពុងរួមគ្នាប្រយុទ្ធប្រឆាំង ទប់ស្កាត់ការរីករាលជំងឺឆ្លង កូវីដ១៩។

ស្បៀងអាហារ និងសម្ភាររក្សាអនាម័យទាំងនោះ រួមមាន៖ អង្ករ១២តោន, ទឹកត្រីទឹកស៉ីអ៉ីវ ១២០យួរ, ម៉ាសវេជ្ជសាស្ត្រ ៤ស្រទាប់ការពារបាក់តេរី ៤៨ប្រអប់ ស្មើនឹង២៤០០ម៉ាស, ស្រោមដៃ ១២០០គូ, ក្រដាស់អនាម័យ ១២០ដុំ និងសាប៊ូលៀងដៃ ២៤កាដុងធំ ស្មើនឹង៤៨០លីត្រ។ ក្នុងពិធីនេះក៏មានការចូលរួម ពីលោកប្រធានក្រុមប្រឹក្សា អភិបាលខណ្ឌ អភិបាលរងខណ្ឌ នាយក នាយករងរដ្ឋបាល មន្ត្រីរាជការសាលាខណ្ឌ ចៅសង្កាត់ទាំង១២ និងក្រុមការងារចុះជួយខណ្ឌសង្កាត់ជាច្រើនរូបផងដែរ។

ឆ្លៀតក្នុងឱកាសនាពេលនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានផ្តាំផ្ញើដល់ក្រុមការងារទាំងអស់ សូមយកចិត្តដាក់ឲ្យបានខ្ពស់ ក្នុងការអនុវត្ត និងផ្សព្វផ្សាយនូវគោលការណ៍អនាម័យ និងសុវត្ថិភាព របស់ក្រសួងសុខាភិបាល ឲ្យបានគ្រប់ៗគ្នា។ ជាពិសេសត្រូវចុះទៅពន្យល់ប្រជាពលរដ្ឋ តាមគ្រួសារនីមួយៗ ឲ្យដល់ខ្នងផ្ទះផ្ទាល់តែម្តង ដោយចៀសវាងការប្រមូលផ្តុំមនុស្សជួបជុំក្នុងចំនួនច្រើន៕