(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភានៃកម្ពុជា និងជាអនុប្រធានគណៈកម្មាធិការសាខាកាកបាទខេត្កកំពង់ធំ បានជំរុញដល់រដ្ឋបាលស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ត្រូវចូលរួមផ្សព្វផ្សាយពីវិធីការពារ ទប់ស្កាត់ និងបង្ការជំងឺកូវីដ១៩ ដោយការធ្វើអនាម័យជាប់ជាប្រចាំដល់ប្រជាពលរដ្ឋ។

លោកស្រី ឃួន ឃុនឌី បានជំរុញយ៉ាងដូចនេះថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ ក្នុងឱកាសដែលោកស្រីបានប្រគល់សម្ភារ និងអំណោយមួយចំនួន ដល់រដ្ឋក្នុងស្រុកកំពង់ស្វាយ ដើម្បីបន្តអប់រំប្រជាពលរដ្ឋ។

លោកស្រី ឃួន ឃុនឌី ក៏បានថ្លែងផ្តាំផ្ញើរដល់រដ្ឋបាលស្រុកកំពង់ស្វាយ ត្រូវអប់រំបងប្អូនប្រជាពលរដ្ឋត្រូវលាងដៃជាមួយសាប៊ូ ទឹកអាកុល រឺជែល ជាប្រចាំចៀសវាង ការចាប់ដៃគ្នា ត្រូវប្រើកាយវិការសំពះ ត្រូវពាក់ម៉ាស់ក្នុងទីប្រជុំជន និងរក្សាគម្លាត ២ម៉ែត្រពីគ្នា ហើយត្រូវតាមដានសុខភាពប្រសិនមានអាការៈក្អកមិនបាត់ ក្តៅខ្លួន ខ្លាំង សូមប្រញាប់ទៅមណ្ឌលសុខភាព និងមន្ទីរពេទ្យរឺខលទៅលេខទូរសព្ទ័១១៥ ដើម្បីទទួលបានសេវាពិនិត្យសុខភាពឲ្យបានត្រឹមត្រូវ និងមិនត្រូវទៅស្វែងរកសេវា ព្យាបាលនៅគ្លីនិចឯកជនដែលពុំមានច្បាប់អនុញ្ញាតនោះទេ។

លោកស្រីបានបន្តថា អាជ្ញាធរមូលដ្ឋានភូមិ ឃុំ ត្រូវតាមដាន និងក្ដាប់ឲ្យបានច្បាស់លាស់នូវស្ថិតិប្រជាពលរដ្ឋ ដែលបានចូលមកដល់មូលដ្ឋាន ជាពិសេសពលរដ្ឋ ដែលវិលត្រលប់មកពីក្រៅប្រទេស និងរាយការណ៍ជាប្រចាំថ្ងៃមកថ្នាក់ស្រុក ខេត្ត ជាពិសេសត្រូវអប់រំណែនាំពួកគាត់ឲ្យបានយល់ និងអនុវត្តឲ្យបានខ្ជាប់ខ្ជួនអំពីវិធានការ នៃការដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែកក្នុងរយៈពេល១៤ថ្ងៃ នៅតាមផ្ទះជាលក្ខណៈបុគ្គល ហើយក្នុងករណីមានការសង្ស័យ ត្រូវនាំគាត់ទៅពិនិត្យ និងព្យាបាលជាបន្ទាន់។

សូមបញ្ជាក់ថា សម្ភារក្នុងពិធីប្រគល់មាន៖ ក្រមាចំនួន ១,១០០ក្រមា សាប៊ូ ១១៥០ដុំ និងខិតប័ណ្ណអប់រំចំនួន ៤៥០សន្លឹក ជាមួយគ្នានេះដែរលោកស្រីបានបន្តចុះ សួរ សុខទុក្ខ ប្រជាពលរដ្ឋនៅភូមិកំពង់ស្វាយ ដោយបានអប់រំណែនាំពីការរស់នៅមិនប្រមូលផ្តុំ និងសូមឲ្យរស់នៅប្រកបទៅដោយអនាម័យការពារការឆ្លងជម្ងឺកូវីដ១៩ ។
ក្នុងនោះលោកស្រីបានចែកជូននូវក្រមា និងថវិកាមួយចំនួនផងដែរ៕