(កំពង់ធំ)៖ ឆ្លើយតបទៅនឹងការរីករាលដាលជំងឺកូវីដ១៩ ជុំវិញពិភពលោក ដែលបង្កនូវការលំបាកដល់ប្រព័ន្ធសុខាភិបាលនៃប្រទេសនីមួយៗ ដោយសារកាចម្លងនៅតែមាន បន្តនោះនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ អង្គការជំនួយអភិវឌ្ឍន៍អាត់វែនទីស្ទកម្ពុជាហៅកាត់ថា អង្គការអាដ្រាកម្ពុជា បានប្រគល់សម្ភារសម្រាប់ផ្សព្វផ្សាយការអប់រំ និងសម្ភារៈការពារដល់មន្ទីរសុខាភិបាលខេត្តកំពង់ធំ ដើម្បីផ្តល់ជូនដល់មណ្ឌលសុខភាពទាំងអស់ក្នុងខេត្ត ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

លោក កែន ចំរើន តំណាងអង្គការអាដ្រាកម្ពុជាប្រចាំខេត្តកំពង់ធំនៃគម្រោងអោប បានលើកឡើងថា ការផ្តល់សម្ភារទាំងអស់នេះគឺរៀបចំដោយគម្រោងថែទាំសុខភាព មាតា និងទារកតាមរយៈការថែទាំ និងការចូលរួមពីសហគមន៍ ការឧបត្ថម្ភដោយកិច្ចការសកលនៃរដ្ឋាភិបាលកាណាដា និងអង្គការអាដ្រាកាណាដាដើម្បីឱ្យប្រជា ពលរដ្ឋ នៅតាមសហគមន៍មានការយល់ដឹង និងសម្រេចចិត្តឲ្យបានត្រឹមត្រូវចំពោះបញ្ហាសុខភាពអនាម័យផ្ទាល់ខ្លួន និងការអនុវត្តន៍រស់នៅឱ្យឆ្ងាយពីគ្នា ដើម្បីនឹងឆ្លើយតប ចំពោះជំងឺកូវីដ១៩ ដែលកំពុងតែរីករាលដាល។

លោកវេជ្ជបណ្ឌិត ស្រី ស៊ីន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ធំ បានថ្លែងអំណរគុណដល់អង្គការអាដ្រាកម្ពុជា ដែលតែងតែជួយគាំទ្របានធ្វើការផ្សព្វផ្សាយ ដែលទាក់ទងទៅនឹងផ្នែកសុខភាព និងសេដ្ឋកិច្ច។ ដើម្បីជាប្រយោជន៍យកទៅអនុវត្តន៍ក្នុងសហគមន៍រស់នៅ មានសុខភាពទាំងអស់គ្នាមានន័យថា បានចូលរួមលើក កម្ពស់សុខភាពគ្រួសារ សុខមាលភាពសហគមន៍ ហើយក៏ចូលរួមគាំទ្ររាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសជាតិផងដែរ ។

លោកបានបន្តថា រហូតមកដល់ពេលនេះក្រសួងសុខាភិបាលកម្ពុជា បានរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ (COVID-19) ថ្មីចំនួន០៤នាក់បន្ថែមទៀត ខណៈមានអ្នក ជាសះស្បើយពីជំងឺកូវីដ១៩ ថ្មីមានចំនួន១នាក់ ធ្វើឲ្យចំនួនសរុបកើនដល់៣៥នាក់ និងកំពុងសម្រាកព្យាបាល៧៩នាក់ នៃអ្នកឆ្លងសរុបកើនដល់១១៤នាក់ បើគិតត្រឹម ព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០នេះ។

លោកវេជ្ជបណ្ឌិត ញ៉ែម ពីង ប្រធានការិយល័យសុខាភិបាលស្រុក តំណាងឲ្យមន្ទីរពេទ្យ និងមណ្ឌលសុខភាពទាំងអស់ បានធ្វើការប្តេជ្ញាចិត្តថា និងយកសម្ភារ ទាំងអស់នេះទៅប្រើប្រាស់ឲ្យចំគោលដៅដើម្បីប្រជាពលរដ្ឋនិងសង្គមជាតិទាំងមូល ។

សូមបញ្ជាក់ថា សម្ភារទទួលបានពីអង្គការអាដ្រា មានអាល់កុល ៩៧% ចំនួន៩៤ ប៊ីដុងស្មើ ២,៨២០លីត្រ ម៉ាសចំនួន១៩៣ប្រអប់ ម៉ាស៊ីនវាស់កំដៅចំនួន ៦២គ្រឿង ស្រោមដៃចំនួន១៩៣ប្រអប់ ម៉ាស៊ីនបាញ់ថ្នាំចំនួន ៤គ្រឿង និងខិតប័ណ្ណអប់រំចំនួន២៦២៥សន្លឹក ។ នៅក្នុងខេត្តកំពង់ធំ មានមន្ទីរពេទ្យបង្អែក ៣កន្លែង និងមណ្ឌល សុខភាព៥៤កន្លែង៕