(ព្រះវិហារ)៖ មន្ទីរសុខាភិបាលខេត្តព្រះវិហារ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ បានទទួលសម្ភារជាច្រើនមុខពីអង្កការអាដ្រា សម្រាប់យកទៅប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។

លោកវេជ្ជបណ្ឌិត គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានថ្លែងអរគុណដល់អង្កការអាដ្រាកម្ពុជា ដែលបានខិតខំស្វែងរកថវិកាពីដៃគូដ៏ទៃទៀតដូចជា អង្កការអាដ្រាអន្តរជាតិ និងអង្កការអាដ្រាអាស៊ី សម្រាប់ទិញសម្ភារទាំងអស់នេះមកជួយដល់ខេត្តព្រះវិហារ។

លោកបានបញ្ជាក់ទៀតថា សម្ភារដែលទទួលបាននូវពេលនេះមាន អាល់កុល ម៉ាស់ ស្រោមដៃ ប្រដាប់វាស់កំដៅ ធុងបាញ់សម្លាប់មេរោគ។ លោកនឹងធ្វើការបែងចែក សម្ភារទាំងនេះទៅគ្រប់មូលដ្ឋានសុខាភិបាលទាំងអស់ក្នុងខេត្តព្រះវិហារ ដើម្បីយកទៅប្រើប្រាស់ ក្នុងការ ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។

ជាមួយគ្នានោះលោក គួង ឡូ ក៍បានសំណូមពរពលរដ្ឋ រួមសាមគ្គីភាពគ្នា ធ្វើយ៉ាងណាកុំឱ្យខ្លួនឯងក្រុមគ្រួសារ និងសហគមន៍ឆ្លងជំងឺកូវីដ១៩នេះ ដោយក្នុងនោះ ត្រូវអនុវត្តឱ្យបានតាមការណែនាំរបស់ក្រសួងសុខាភិបាល៕