(ពោធិ៍សាត់)៖ គ្រួសារពលរដ្ឋដែលបានបរិហារកេរត្តិ៍កងកម្លាំងសមត្ថកិច្ច អំពីករណីដុតរថយន្តរ៉េវ តាមបណ្តាញសង្គមកាលពីម្សិលមិញនោះ បានចេញមកសុំទោសជាសាធារណៈ ចំពោះកំហុសឆ្គងរបស់ខ្លួន ដែលបានធ្វើឲ្យមានភាន់ច្រឡំ ដល់សាធារណៈជន។

ការចេញមុខមកសុំទោសជាសាធារណៈនូវកំហុសឆ្លងនេះ ត្រូវបានធ្វើឡើងនៅចំពោះមុខលោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នៅវេទិកាសាលាខេត្ត។

លោក ស៊ីម ចាន់ និងលោកស្រី វ៉ន ផល ព្រមទាំងកូនស្រីឈ្មោះ សែម សុវណ្ណ ដែលរស់នៅភូមិរវៀង ឃុំសំរោង ស្រុកភ្នំក្រវាញ បានបញ្ជាក់ថា ការដែលខ្លួន Live វីដេអូនេះ ក៏ព្រោះតែមានអ្នកញុះញង់ ពីសំណាក់កូនប្រសាររបស់គាត់ ហើយធ្វើឱ្យភ័ណភាំងមួយគ្រាភ្លេចពិចារណា។ តាមការពិតកូនប្រសាររបស់គាត់ ដែលលែងលះជាមួយកូនស្រីរបស់គាត់ បានធ្វើស៊ីរូបគាត់ ដោយរៀបចំគម្រោងការ ជូនដំណឹងមកសមត្ថកិច្ច ហើយឱ្យអ្នកសារព័ត៌មានចុះមកសម្ភាសន៍ បង្កការភាន់ច្រឡំយ៉ាងដូច្នេះ។

លោកស្រី វ៉ន ផល បានរៀបរាប់យ៉ាងដូច្នេះថា ដំបូងឡើយកូនប្រសារប្រុសរបស់គាត់ បានឱ្យគាត់ខ្ចីលុយពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចំនួន១ម៉ឺន៥ពាន់ដុល្លារ ដើម្បីទិញរថយន្តរ៉េវ ប្រព្រឹត្តល្មើស តម្លៃ១ម៉ឺន២ពាន់ដុល្លារ តែកូនប្រសាររបស់គាត់ភូតគាត់ ថារថយន្តនោះតម្លៃ១ម៉ឺន៤ពាន់ដុល្លារ, ក្រោយរកស៊ីមិនអំណោយផល កូនប្រសារប្រុសគាត់មានស្រីនៅខាងក្រៅ ក៏ឱ្យគាត់លក់រថយន្តនោះចេញ តែគាត់មិនព្រម ដោយសារតែនៅជំពាក់ធនាគារច្រើន រួចកយករថយន្តនោះមករក្សាទុក ដើម្បីដឹកដំឡូង។ ពេលនោះកូនប្រសាររបស់គាត់ បានចាកចេញពីផ្ទះតាំងពីខែមេសាឆ្នាំទៅ និងបានទូរស័ព្ទគំរាមកូនស្រីរបស់គាត់ថែមទៀត។

លោកស្រី វ៉ន ផល បន្ថែមថា ក្នុងប្រតិបត្តិការបង្ក្រាប របស់កម្លាំងមូលដ្ឋានអាវុធហត្ថស្រុក កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ គឺកូនប្រសារគាត់ បានរាយការណ៍ និងឱ្យមិត្តភក្ត្រ ជាអ្នកសារព័ត៌មាន មកសម្ភាសន៍រូបគាត់ ថាជាម្ចាស់រថយន្តរ៉េវនោះ។ ដូច្នេះហើយទើបធ្វើឱ្យវីដេអូដែលបានLive កាលពីម្សិលមិញ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ បានផ្ទុះឡើង ហើយត្រូវបានសារព័ត៌មាន ដ៏ទៃទៀតShareតៗគ្នា និងបានយកទៅបង្ហោះបន្តថា «ពិតជាអាណិតគាត់ណាស់ ហេតុអ្វីដុតឡានគាត់ចោល គាត់បានអីរកស៊ីទៀត»

លោកស្រី វ៉ន ផល បញ្ជាក់ថា «ខ្ញុំដឹងថា ខ្ញុំពិតជាមានកំហុសមែន! ព្រោះតែការធ្វេសប្រហែសរបស់ខ្ញុំមួយភ្លេត ព្រោះតែមិនបានពិនិត្យឱ្យបានច្បាស់ ក្រោយពេលដែលខ្ញុំបានដឹងមក ដើម្បីកុំឱ្យមានការយល់ច្រឡំតទៅទៀត ដូច្នេះហើយទើបខ្ញុំ សុំទោសបងប្អូនជាសាធារណៈ សូមទោសកងកម្លាំងសមត្ថកិច្ច និងសង្ឃឹមថាសូមកុំប្រកាន់ដល់រូបខ្ញុំ»