(ភ្នំពេញ)៖ ក្រុមហ៊ុន អ៊ិនធើ ឡូជីស្ទីក (ខេមបូឌា) ដែលជាក្រុមហ៊ុនមេ នៃធនាគារឯកទេសវីង (ខេមបូឌា) លីមីធីត គ្រោងនឹងវិនិយោគនៅក្នុងអាជីវកម្មរបស់ក្រុមហ៊ុន Camboticket ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន ស៊ីវេនឈ័រ ដើម្បីពង្រីកអាជីវកម្មលើផ្នែកលក់សំបុត្រអនឡាញ និងការរៀបចំវិស្សមកាលនៅកម្ពុជា តាមរយៈកម្មវិធីស្មាតហ្វូនវីង និង Camboticket.com។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរួម ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០នេះ។

អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនរ៉ូយ៉ាលគ្រុប បានថ្លែងឲ្យដឹងថា «យើងពិតជាមានសេចក្ដីរីករាយណាស់ ដែលការវិនិយោគមួយនេះអាចធ្វើឲ្យយើងធ្វើ បដិវត្តនូវវិធីដែលប្រជាជនកម្ពុជា កក់សំបុត្រធ្វើដំណើរ និងរៀបចំផែនការវិស្សមកាលដោយ ប្រើប្រព័ន្ធកក់តាមអ៊ិនធើណេត ដែលធ្វើឲ្យប្រតិបត្តិការ នៃការកក់ទាំងមូល មានលក្ខណៈសាមញ្ញា និងមានប្រសិទ្ធិភាព សម្រាប់អ្នកធ្វើដំណើរទាំងក្នុង និងក្រៅប្រទេស»។

អ្នកឧកញ៉ាថ្លែងបន្ដថា «យើងនឹងជួយជំរុញឌីជីថលនីយកម្ម របស់ប្រទេសកម្ពុជា តាមរយៈការវិនិយោគផ្សេងៗ និងផ្ដល់ការគាំទ្រដល់ក្រុមហ៊ុនថ្មីៗដូចជា Camboticket ជាដើម ដើម្បីជួយធ្វើឲ្យជីវិតប្រជាជនកម្ពុជា មានភាពងាយស្រួល និងប្រសើរឡើង»។

តាមរយៈកិច្ចព្រមព្រៀងនេះ កំពុងរង់ចាំការអនុញ្ញាតពីអាជ្ញាធរនោះដៃគូទាំងពីរ នឹងផ្ដល់ការគាំទ្រជាយុទ្ធសាស្រ្ដ លើមុខងារសំខាន់ៗជាច្រើន។

លោក Shivam Tripathi នាយកប្រតិបត្តិ និងជាសហស្ថាបនិកក្រុមហ៊ុន Camboticket ថ្លែងឲ្យដឹងថា «កិច្ចព្រមព្រៀងនេះនឹងអនុញ្ញាតឲ្យយើង បម្រើប្រជាជនកម្ពុជាឲ្យកាន់តែប្រសើរ តាមរយៈការផ្ដល់ជូននូវបទពិសោធន៍ នៃការកក់សំបុត្រតាមអ៉ីធើណេត សម្រាប់ការធ្វើដំណើរទៅកាន់គោលដៅផ្សេងៗក្នុងតំបន់»។

លោកបានបន្ថែមថា ការច្នៃប្រឌិតថ្មីគឺជាអ្វីៗដែលជំរុញទឹកចិត្តពួកយើងនៅ Camboticket ហើយយើងនឹងបន្ដបង្កើតអ្វីថ្មីៗ ដើម្បីធ្វើឲ្យ Camboticket ក្លាយជាអ្នកផ្ដល់សេវាកម្មមួយគត់ សម្រាប់ប្រជាជនកម្ពុជាទាំងអស់ ក្នុងការកក់សំបុត្រឡានក្រុង, តាក់ស៊ី, កាណូត និងការរៀបចំវិស្សមកាលផ្សេងៗ។

លោកបានបន្ដថា ដោយត្រូវបានបង្កើតឡើងនៅកម្ពុជាក្នុងឆ្នាំ២០១៥ Camboticket បានរីកចម្រើនក្លាយជាក្រុមហ៊ុន ឈានមុខគេក្នុងការលក់សំបុត្រតាមអ៉ីនធើណេត នៅក្នុងប្រទេសកម្ពុជា និងកំពុងពង្រីកវត្តមានរបស់ខ្លួនទៅកាន់ប្រទេស វៀតណាម, ថៃ និងឡាវ ដោយផ្ដល់សេវាកម្មសម្រាប់ការធ្វើដំណើរ ទៅមកសម្រាប់គោលដៅសំខាន់ៗ ក្នុងតំបន់ដូចជា៖ ភ្នំពេញ, សៀមរាប, ក្រុងព្រះសីហនុ, ក្រុងកែប, កំពត, បាត់ដំបង, បាងកក, ហូជីមិញ, ប៉ាក់សេ និងទីតាំងផ្សេងៗទៀត។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេសវីង បានថ្លែងថា «ខ្ញុំពិតជារីករាយណាស់ដែលបានឃើញក្រុមហ៊ុនទាំងពីរ សម្រេចចិត្តលើភាពជាដៃគូនាពេលនេះ។ ក្នុងនាមជាផ្នែកមួយនៃក្រុមហ៊ុន អ៊ិនធើ ឡូជីស្ទីក យើងពិតជាមានមោទនភាព ចំពោះក្រុមហ៊ុនមេរបស់យើងដែលបានចុះកិច្ចព្រមព្រៀងនេះ ដែលយើងជឿជាក់ថា យើងនឹងមានដំណើរការរួមគ្នាវែងឆ្ងាយ ក្នុងការធ្វើឲ្យការកក់សំបុត្រ និងការរៀបចំផែនការវិស្សមកាល កាន់តែងាយស្រួលសម្រាប់ប្រជាជនកម្ពុជា Camboticket ជាដៃគូរបស់អាជីវកម្មវីងផងដែរ»។

លោកបានបន្ដថា អតិថិជនវីងបច្ចុប្បន្នអាចចូលទៅក្នុងកម្មវិធីស្មាតហ្វូនវីង ដើម្បីប្រើប្រាស់សេវាកម្មរបស់ Camboticket ដើម្បីកក់សំបុត្រឡានក្រុង, តាក់ស៊ី, កាណូត និងរៀបចំវិស្សមកាលក្នុងស្រុកប្រកបដោយសុវត្ថិភាព មានការធានា និងឆាប់រហ័ស។

លោកបានបញ្ជាក់ថា ក្រុមហ៊ុនអ៊ិនធើ ឡូជីស្ទីក និង Camboticket មានចក្ខុវិស័យតែមួយក្នុងការប្រើប្រាស់ បច្ចេកវិទ្យាឌីជីថលទំនើបៗ សម្រាប់ការកែលម្អជីវភាពរស់នៅ របស់ប្រជាជនកម្ពុជាគ្រប់រូប។ Camboticket គឺជាក្រុមហ៊ុនលក់សំបុត្រធ្វើដំណើរតាមអ៉ីនធើណេត ដែលទទួលបានរង្វាន់ជាច្រើន និងផ្ដល់ជូណដំណោះស្រាយ SaaS ដល់អ្នកផ្គត់ផ្គង់ដែលជួយពួកគេក្នុងការគ្រប់គ្រងស្ដុក បន្ថែមលើការលក់សំបុត្រឯកជន និងការធ្វើផែនការវិស្សមកាល៕