(ភ្នំពេញ)៖ មីជាតិ បាននាំយក ឧបករណ៍វាស់កម្តៅ ទឹកអាល់កុល សាប៊ូលាងដៃ ម៉ាស់ និងមីជាតិចំនួន១២០កេស ចែកជូនអង្គការសុខមាលភាព សង្គមកម្ពុជា ដែលជាមណ្ឌលកុមារកំព្រា និងកុមារក្រីក្រ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី០៣ ខែមេសា ឆ្នំា២០២០ ។

ក្រៅពីនាំយកអំណោយខាងលើ ក្រុមការងារមីជាតិ ក៏បានបង្ហាញអំពីរបៀបពាក់ម៉ាស់ និងរបៀបលាងដៃឲ្យបានត្រឹមត្រូវ ដើម្បីការពារខ្លូនពីការឆ្លងមេរោគនានា ដល់តំណាងកុមារ ក្នុងអង្គការផងដែរ ។

លោក ជុនហៀង ថាវសិទ្ធិ ប្រធានគ្រប់គ្រងទីផ្សារ ក្រុមហ៊ុនមីជាតិ បានមានប្រសាសន៍ថា «មីជាតិ នាំយកអំណោយទាំងនេះ ពីព្រោះ មីជាតិចង់ចូលរួមចំណែក ជួយទប់ស្កាត់ការរីករាលដាល វីរុសកូវីដ១៩ ក្នុងប្រទេសកម្ពុជា ក្នុងកាលៈទេសៈនេះ ជាពិសេសក្មេងៗ ក្នុងមណ្ឌលកុមារកំព្រា និងកុមារក្រីក្រ ដែលកំពុងខ្វះខាតជំនួយទំាងនេះ។»

លោកបន្តថា «អំណោយទាំងនេះ បានមកពីមូលនិធី «មីជាតិ» ដែលទទួលបានពីការគាំទ្រពីអតិថិជនមីជាតិ និងការលើកទឹកចិត្តយ៉ាងខ្លាំងពីរាជរដ្ឋាភិបាលកម្ពុជា គឺមានន័យថាយើងតែងដកយកថវិកាមួយផ្នែកដែលបានពីការលក់មីជាតិ ដើម្បីជួយដល់សង្គមខ្មែរ ក្រោមគោលការណ៍ «ខ្មែរ ដើម្បីខ្មែរ»។

លោក ណី សាកល អគ្គនាយកអង្គការសុខមាលភាពសង្គម បានឲ្យដឹងថា «អំណោយពីមីជាតិ ក្នុងពេលនេះ គឺជាអ្វី ដែលអង្គការត្រូវការចាំបាច់ និងកំពុងស្វែងរកម្ចាស់ជំនួយស្រាប់ ហើយការចូលរួមចំណែកនេះ ពិតជាបានបង្ហាញពីសណ្តានចិត្តដ៏ល្អរបស់មីជាតិ ដល់ក្មេងៗទាំងអស់ដែលកំពុងស្នាក់នៅក្នុងអង្គការ។»

បច្ចុប្បន្ន កុមារសរុប ៥៨នាក់ ដែលក្នុងនោះមានស្រី ២៥នាក់ និងប្រុស៣៣នាក់ កំពុងស្នាក់អាស្រ័យក្នុងអង្គការសុខមាលភាពសង្គម ដោយទទួលបានការផ្គត់ផ្គង់ជា អាហារ កន្លែងស្នាក់នៅ សម្លៀកបំពាក់ និងសម្ភារៈសិក្សា ។

នេះមិនមែនជាលើកទី១ទេ ដែលមីជាតិ ចូលរួមក្នុងសកម្មភាពសង្គម ដែលកន្លងមកមីជាតិ ក៏បានផ្តល់អំណោយសប្បុរសធម៌ដល់ប្រជាជនក្រីក្រក្នុងរាជធានីភ្នំពេញ និងក្នុងស្រុកកោះសូទិន បរិច្ចាគទៅឲ្យកម្មវិធីសប្បុរធម៌នានា និងចូលរួមក្នុងការជំរុញឲ្យមានការបរិច្ចាគឈាមដោយស្ម័គ្រចិត្តផងដែរ។

គួរបញ្ចាក់ផងដែរថា មីជាតិ គឺជាផលិតផលមីកញ្ចប់របស់ខ្មែរ ផលិតដោយខ្មែរ ដែលចាប់ផ្តើមមានវត្ថមានក្នុងទីផ្សារកម្ពុជានៅចុងឆ្នាំ២០១៩។ មីជាតិ មានបីរសជាតិ គឺរសជាតិសាច់ជ្រូកចិញ្រ្ចាំ រសជាតិស៊ុបមាន់ និងរសជាតិខគោ ដែលត្រូវបានផលិតដោយប្រើប្រាស់ម៉ាស៊ីនជប៉ុន និងបច្ចេកវិទ្យាជប៉ុនទំនើបចុងក្រោយបង្អស់ ៕