(ព្រះសីហនុ)៖ កម្លាំងនគរបាល មូលដ្ឋានកោះរ៉ុង ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០១៥នេះ បានតាមស្រាវជ្រាវ រហូតតាមចាប់ខ្លួន ជនសង្ស័យម្នាក់ ពាក់ព័ន្ធសកម្មភាព លួចទូរស័ព្ទដៃរបស់ប្រជាពលរដ្ឋ ដែលបាន ទៅលេងនៅកោះរ៉ុងចំនួន២គ្រឿង។

មន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ ទ្រី ហ័រ អាយុ២០ឆ្នាំ បានបាត់សម្ភាររួមមានទូរស័ព្ទ SAMSUNG ពណ៌ស ចំនួន១គ្រឿង និងទូរស័ព្ទ iPhone 5s ពណ៌សចំនួន១គ្រឿង នៅចំណុចក្នុងផ្ទះ។

ក្រោយទទួលបាន ព័ត៌មានខាងលើនេះ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល សង្កាត់កោះរ៉ុង បានដាក់កំលាំងចុះពិនិត្យ ស្រាវជ្រាវក៏ប្រទះឃើញ មុខសញ្ញាជនសង្ស័យឈ្មោះ រ៉ា សុថាវ៉ាត អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ  កំពុងដើរចេញពីបន្ទប់ទឹក ផ្ទះប្រជាពលរដ្ឋ ភូមិកោះតូច សង្កាត់កោះរ៉ុង ពេលនោះ កំលាំងនគរបាល បាននាំខ្លួនជនសង្ស័យ មកប៉ុស្តិ៍ដើម្បីសួរនាំ។ ក្រោយជនសង្ស័យ បានសារភាពរួច នគរបាលប៉ុស្តិ៍ទៅយក សម្ភារដែលបានលួច ហើយប្រគល់ជូនជនរងគ្រោះវិញ។

ជនសង្ស័យត្រូវបាន បញ្ជូនទៅអធិការក្រុង ដើម្បីចាត់ការតាមនិតិវិធី៕