(ភ្នំពេញ)៖ ចាប់តាំងពីមានផ្ទុះឡើងនូវការរីករាលដាល ជំងឺកូវីឌ-១៩ ក្នុងប្រទេសកម្ពុជា លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដាក់ចេញនូវផែនការពារជំងឺឆ្លងជាបន្តបន្ទាប់ ដល់កម្លាំងក្រោមឱវាទទូទាំងរាជធានីភ្នំពេញ ឲ្យអនុវត្តយ៉ាងខ្ជាប់ខ្ជួន ដោយផ្តើមចេញពីការថែរក្សាអនាម័យផ្ទាល់ខ្លួន អនាម័យជុំវិញអង្គភាព អនាម័យតាមគ្រួសារអាវុធហត្ថនីមួយៗ និងមានវិធានការ​ប្រុងប្រយ័ត្ន​ផ្សេងៗតាមលំដាប់ ស្របតាមសេចក្តីណែនាំ របស់ក្រសួងសុខាភិបាល ថែមទាំងបាន ចូលរួមផ្សព្វផ្សាយសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ជូនដល់ប្រជាជន មហាជន នៅតាមបណ្តាមូលដ្ឋាន ភូមិសង្កាត់ក្នុងខណ្ឌទាំង១៤នៃរាជធានីភ្នំពេញផងដែរ។

លើសពីនេះទៀត នៅរសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០នេះផងដែរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានបន្ថែមនូវវិធានការពារ​ដោយបំពាក់ឧបករណ៍បាញ់ថ្នាំ​សម្លាប់មេរោគ នៅច្រកចូលទីបញ្ជាការរាជធានី បើកចែកនូវធុងបាញ់ថ្នាំសម្លាប់មេរោគដល់បណ្តាមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទាំង១៤ក្នុងរាជធានីភ្នំពេញ និងបើកភ្ជាប់ជាមួយ ទឹកថ្នាំសម្លាប់មេរោគ សាប៊ូលាងដៃ ក្រដាស់ជូតដៃ ស្រោមដៃ ម៉ាស និងត្រីខ គ្រប់ៗខណ្ឌ៕