(ភ្នំពេញ)៖ លោក វ៉ាន់ សុខសីហា ហៅ អគ្គីនេត្រ ជាអ្នកលេងបណ្តាញសង្គម Facebook នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២០នេះ ត្រូវកម្លាំងការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា និងផែនសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហៅមកសួរនាំ និងធ្វើកិច្ចសន្យាឱ្យបញ្ឈប់ការបង្ហោះព័ត៌មានមិនពិតតទៅទៀត ក្រោយបុគ្គលរូបនេះ បានបំផុសថា ខ្លួនមានយ័ន្តអាចការពារជំងឺ COVID-19។

នៅចំពោះមុខសមត្ថកិច្ចបុគ្គល «អគ្គីនេត្រ» បានសារភាព និងយល់ព្រមទទួលកំហុសដែលខ្លួន បានចុះផ្សាយព័ត៌មានមិនពិតនេះ ដែលធ្វើឲ្យមហាជនមានការយល់ច្រឡំ។

ជាមួយគ្នានេះដែរបុគ្គលរូបនេះ ក៏បានធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពទាំងនេះ ជាមួយនឹងការថតវីដេអូ ដើម្បីធ្វើការសុំទោស ជាសាធារណៈផងដែរ។ ក្រោយពីធ្វើកិច្ចសន្យាណែនាំអប់រំ និងថតវីដេអូសុំទោសរួច សមត្ថកិច្ចអនុញ្ញាតឱ្យគាត់ត្រឡប់ទៅផ្ទះវិញ។

សូមបញ្ជាក់ថា បុគ្គលរូបនេះ កាលពីទី៣០ ខែឧសភា ឆ្នាំ២០១៨ តុលាការបានប្រកាសសាលក្រមសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់រយៈពេល ៣ឆ្នាំ និងពិន័យជាប្រាក់ចំនួន៤លានរៀល ចូលជាថវិការដ្ឋ ពាក់ព័ន្ធគ្រឿងញៀន៕