(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្តស្វាយរៀង បានស្នើដល់គ្រប់អង្គភាព និងមន្ត្រីពាក់ព័ន្ធទាំងអស់ជុំវិញខេត្ត ត្រូវរៀបចំទីតាំងត្រៀមបម្រុងទុកនេះឲ្យបានរួចរាល់តាមផែនការ ដែលបានគ្រោងទុកដែលមិនទាន់បានរៀបចំរួចរាល់ ដោយមានបំពាក់ឧបករណ៍បរិក្ខាពេទ្យរៀបចំគ្រែ បន្ទប់ទឹក ប្រព័ន្ធទឹក បំពាក់ម៉ាស៊ីនត្រជាក់នៅតាមបន្ទប់ និងសម្ភារពាក់ព័ន្ធផ្សេងៗទៀត ស្របតាមបទដ្ឋានបច្ចេកទេសសុខាភិបាល ដើម្បីជួយអ្នកដែលមានជំងឺកូវីដ១៩។

លោក ម៉ែន វិបុល បានលើកឡើងយ៉ាងដូចនេះនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០នេះ ក្នុងឱកាសដែលលោកបានដឹកនាំក្រុមការងារ ដោយមានការចូលរួមពី លោកអភិបាលរងខេត្ត លោកប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ លោកអភិបាលស្រុកស្វាយជ្រំ និងក្រុមគ្រូពេទ្យខេត្ត អញ្ជើញចុះពិនិត្យមើលពីវឌ្ឍនភាព នៃការរៀបទីតាំង បន្ទប់ស្នាក់នៅ សម្ភារ និងគ្រឿងបរិក្ខាពេទ្យនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំ ដែលជាទីតាំងមួយត្រៀមបម្រុងទុក សម្រាប់ទទួលព្យាបាល ក្នុងករណីមានអ្នកកើតជំងឺកូវីដ-១៩ នៅក្នុងខេត្តស្វាយរៀង។

លោក ម៉ែន វិបុល ក៏បានថ្លែងនូវការអរគុណចំពោះមន្ត្រីជំនាញ បុគ្គលិកពេទ្យ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមសហការរៀបចំទីតាំងត្រៀមបម្រុងទុក នៅមន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំនេះ ដែលពិតជាបានបង្ហាញឲ្យឃើញនូវការយកចិត្តទុកដាក់ និងឆន្ទៈមោះមុតរួមចំណែកជាមួយរដ្ឋបាលខេត្ត និងរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។ លោកថា នាពេលបច្ចុប្បន្នខេត្តស្វាយរៀង មិនទាន់មាន ប្រជាពលរដ្ឋ ណាម្នាក់ផ្ទុកនូវជំងឺកូវីដ-១៩ នៅឡើយទេ ប៉ុន្តែដោយសារតែស្ថានភាព នៃការវិវត្តន៍របស់ជំងឺនេះនៅកម្ពុជា នៅតែមិនទាន់បង្ហាញ សញ្ញានៃការថមថយណាមួយនោះទេ។

លោកអភិបាលខេត្តស្វាយរៀង ក៏បានណែនាំដល់អាជ្ញាធរស្រុក និងអង្គភាពពាក់ព័ន្ធទាំងអស់ត្រូវបន្ត និងបង្កើនការចុះផ្សព្វផ្សាយ អប់រំ ណែនាំប្រជាពលរដ្ឋនៅមូលដ្ឋាន អំពីវិធានការនានា ដែលក្រសួងសុខាភិបាលបានរៀបចំនាពេលកន្លងមក ជាពិសេសត្រូវបន្តយកចិត្តទុកដាក់ចំពោះបងប្អូនពលករ ដែលទើបត្រឡប់មកពីប្រទេសថៃ ដោយធានាថា ពួកគាត់ត្រូវបានស្នាក់នៅដាច់ ដោយឡែកពីគេក្នុងរយៈពេល១៤ថ្ងៃ ហើយក្នុងករណីមានការសង្ស័យត្រូវចាត់ក្រុមគ្រូពេទ្យចុះពិនិត្យ និងបញ្ជូនគាត់ ទៅសម្រាកនៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិតបំផុត និងត្រូវរាយការណ៍ជាបន្ទាន់មកគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីត-១៩ខេត្ត។

សូមបញ្ជាក់ថា ឆ្លើយតបនឹងសភាពការណ៍បច្ចុប្បន្នដែលសកលលោក ក៏ដូចជាប្រទេសកម្ពុជាយើងកំពុងរងនូវការវាយលុកពីជំងឺកូវីដ-១៩ រដ្ឋបាលខេត្តស្វាយរៀង បានត្រៀមនូវទីតាំងបម្រុងទុក សម្រាប់ដាក់ឲ្យនៅដាច់ដោយឡែកចំពោះអ្នកដែលមានការសង្ស័យ និងអ្នកផ្ទុកនូវជំងឺកូវីត-១៩នេះ នៅតាមទីតាំងមួយចំនួន ទាំងនៅតាមបណ្ដាមន្ទីរពេទ្យខេត្ត ក្រុង ស្រុក សណ្ឋាគារ និងផ្ទះសំណាក់ ដោយសរុបមានចំនួន ១១១បន្ទប់ ស្មើនឹង ២១១គ្រែ៕