(កំពង់ឆ្នាំង)៖ ប្រជាពលរដ្ឋក្នុងឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងជិត ៥០នាក់ នៅថ្ងៃទៅ៣០ ខែមីនា ឆ្នាំ២០២០ បានមកជួបជុំគ្នានៅទីតាំងដីស្រែរបស់ពួកគាត់មួយកន្លែង ស្ថិតនៅចំណុចអង្គំ ក្នុងភូមិតាឡាត់ ឃុំស្វាយរំពារ ដើម្បីបង្ហាញដល់ក្រុមអ្នកសារព័ត៌មាន ឲ្យមកផ្តិតយករូបភាពជាក់ស្ដែង ដែលពួកគាត់បានអះអាងថា ជាដីស្រែពួកគាត់ធ្លាប់អាស្រ័យផល ជាច្រើនឆ្នាំមកហើយនោះ។

ករណីនេះសមត្ថកិច្ចកងរាជអាវុធហត្ថ នៃបញ្ជារការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានចាប់ឃាត់គ្រឿងចក្រចំនួន ៥គ្រឿង និងមនុស្សចំនួន ៥នាក់ យកទៅធ្វើការឃុំខ្លួននៅក្នុងពន្ធនាគារខេត្ត កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ដែលពួកគេកំពុងតែភ្ជួររាស់នៅលើដីស្រែខាងលើនេះ ដោយចោទពីបទឈូសឆាយយកព្រៃលិចទឹករបស់រដ្ឋ ធ្វើជាកម្មសិទ្ធិ និងពីបទការប្រើប្រាស់គ្រឿងចក្រ ឈូសឆាយគ្មានច្បាប់។

ជុំវិញករណីខាងលើនេះ ប្រជាពលរដ្ឋដែលជាម្ចាស់ដី បានឲ្យដឹងថា ដីទាំងអស់នេះគឺជាកម្មសិទ្ធិរបស់ពួកគាត់ ដែលមានចំនួនជាច្រើនគ្រួសារនៅក្នុងឃុំស្វាយរំពារ ដោយមួយគ្រួសារមាន ១ហិកតា ឬ២ហិកតាតែប៉ុណ្ណោះ ហើយដីស្រែនៅក្នុងចំណុចនេះទៀតសោត គឺពួកគាត់បានអាស្រ័យផល និងកាន់កាប់តាំងតែពីឆ្នាំ១៩៨៩មកម្ល៉េះ។ ជារៀងរាល់ឆ្នាំ ពួកគាត់តែងតែធ្វើការដាំដុះប្រើដោយកម្លាំង គឺកាប់ឆ្ការ និងកាំបិត ឬក៏ចបកាប់មួយថ្ងៃបន្តិចៗ កាលនោះពួកគាត់បានដាំឈូក និងដាំល្ង ទើបតែ ៣ឆ្នាំចុងក្រោយនេះ ដោយសារតែមានប្រព័ន្ធធារាសាស្ត្រ ដែលបានឧបត្ថម្ភដោយរាជរដ្ឋាភិបាល និងក្រសួងធនធានទឹក ធ្វើឲ្យសំបូរទឹកគ្រប់គ្រាន់ ទើបពួកគាត់ក៏បានកែប្រែពីការដាំដំណាំល្ងមកធ្វើស្រែវិញ។

ពួកគាត់បានបន្តឲ្យដឹងទៀតថា ប៉ុន្មានឆ្នាំកន្លងមកនេះ ការជួលគ្រឿងចក្រឈូសឆាយដីស្រែ ពុំដែលមានសមត្ថកិច្ចណា មកធ្វើការរារាំង ឬក៏ឃាត់ឃាំងគ្រឿងចក្រនោះឡើយ ផ្ទុយទៅវិញអាជ្ញាធរ ឃុំស្រុក រួមទាំងមន្ត្រីកសិកម្មផងដែរ បានលើកទឹកចិត្តដល់ពួកគាត់ដោយបង្កលក្ខណៈឲ្យពួកគាត់ធ្វើការដាំដុះដំណាំណា ដែលពួកគាត់អាចទទួលផលបានថែមទៀតផង។

ដោយឡែកឆ្នាំនេះ ក្នុងពេលថ្មីៗកន្លង ទៅនេះពោលគឺថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ បន្ទាប់ពីពួកគាត់បានធ្វើការច្រូតកាត់ប្រមូលផលរួចហើយនោះ ពួកគាត់ក៏បានជួលគ្រឿងចក្រ ៥គ្រឿង ដើម្បីធ្វើការភ្ជួររាស់ពង្រាបដីស្រែដែលពួក គាត់ទើបតែច្រូតកាត់ប្រមូលផលហើយថ្មីៗ ដើម្បីភ្ជួរហាលដីទុកទាំងអស់គ្នា នៅពេលទឹកឡើង ទឹកលិចគល់ជញ្ជ្រាំង និងស្មៅធ្វើឲ្យរលួយ។ ពេលសម្រកទៅ វិញពួកគាត់នឹងធ្វើស្រែជាធម្មតា ក៏ស្រាប់តែត្រូវបានសមត្ថកិច្ចអាវុធហត្ថខេត្ត ចុះមកធ្វើការឃាត់ចាប់យកគ្រឿងចក្រទាំង ៥គ្រឿង ព្រមទាំងមនុស្ស ៥នាក់ទៅធ្វើការឃុំខ្លួននៅពន្ធនាគារតែម្ដង។

ពួកគាត់ក៏សុំសំណូមពរដល់អាជ្ញាធរខេត្ត ពិសេសសំណូមពរដល់ស្ថាប័នតុលាការ សូមមេត្តាលើកលែងដោយសុំដោះលែងមនុស្សទាំង ៥នាក់ និងអនុញ្ញាតឲ្យយកគ្រឿងចក្រមកវិញ ដោយក្តីអនុគ្រោះផងចុះ ដោយសារតែជិតដល់រដូវភ្លៀងធ្លាក់ហើយ បាំងតែ មួយខែទៀតទេ បើភ្លៀងធ្លាក់ជោគជាំនោះ ដីស្រែរបស់ពួកគាត់នឹងមិនអាចចូលទៅភ្ជួររាស់បានឡើយ។

ជុំវិញការចាប់មនុស្សទាំង ៥នាក់ និងគ្រឿងចក្រ ៥គ្រឿងខាងលើនេះ លោក ហង្ស សុជាតិ មេបញ្ជាការរងប៉េអឹមខេត្តកំពង់ឆ្នាំង បានឲ្យដឹងនៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះថា ការឃាត់គ្រឿងចក្រ និងមនុស្សទាំង៥នាក់នេះ គឺធ្វើឡើងដោយបានសុំគោលការណ៍ពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង ដោយសារតែប្រជាពលរដ្ឋទឹកហូរនោះ បានទៅកាប់ព្រៃលិចទឹករបស់រដ្ឋកាលពីឆ្នាំទៅ។

បន្ទាប់មកគាត់ក៏បានដុតព្រៃនោះទុកចោលឲ្យទឹកឡើងលិចមួយរដូវ នៅពេលទឹកស្រកទៅវិញ គាត់ក៏បានយកស្រូវទៅព្រួសលើដីនោះ តែស្រូវនោះ បើលោកពិនិត្យមើលទៅប្រហែលជាពួកគាត់ មិនបានច្រូតនោះឡើយ គឺគ្រាន់តែយកស្រូវទៅព្រួសទុកចោល ហើយបន្ទាប់ មកយកត្រាក់ទ័រទៅភ្ជួរពង្រាបយកដីតែម្ដង ម្យ៉ាងទៀតចំពោះគ្រឿងចក្រទាំង ៥គ្រឿង ក៏មិនមានច្បាប់ ដើម្បីភ្ជួររាស់នោះដែរ។

លោកមេឃុំស្វាយរំពារ ក៏បានឲ្យដឹងដែរថា ដីស្រែទាំងអស់នៅចំណុចខាងលើនេះ ជាដីស្រែរបស់ប្រជាពលរដ្ឋដែលពួកគាត់ធ្លាប់អាស្រ័យផល និងកាន់កាប់ជាង ១០ឆ្នាំមកហើយ មិនមែនពួកគាត់ទៅរុករានយកដីព្រៃលិចទឹករបស់រដ្ឋថ្មីៗនោះឡើយ។ ម្យ៉ាងដីស្រែទាំងអស់នេះ ពួកគាត់ទើបតែច្រូតរួចរយៈពេលជាង ១០ថ្ងៃនេះតែប៉ុណ្ណោះ។ លោកមេឃុំក៏បានឲ្យដឹងទៀតថា លោកក៏បានធ្វើសំណើរសុំទៅលោកអភិបាលស្រុក អមទៅដោយស្នាមមេដៃប្រជាពលរដ្ឋប្រមាណជា ១០០នាក់ ដាក់ជូនទៅលោកអភិបាលស្រុក ដោយសុំឱ្យលោកបញ្ជូនពាក្យស្នើសុំនេះទៅ ដល់លោកអភិបាលខេត្ត ដើម្បីសុំឲ្យមានការដោះលែងប្រជាពលរដ្ឋទាំង ៥នាក់ រួមទាំងគ្រឿងចក្រ ៥គ្រឿងមកវិញផងដែរ។

លោក សំ ចាន់ថន អភិបាលស្រុកកំពង់ លែងក៏បានឲ្យដឹងនៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះថា ករណីនេះលោកកំពុងតែធ្វើការពិនិត្យ និងបញ្ជូនមន្ត្រីចុះទៅដល់កន្លែងកើតហេតុ ដើម្បីពិនិត្យជាក់ស្តែង និងរៀបចំឯកសារដាក់ជូនទៅលោកអភិបាលខេត្ត ដើម្បីសុំឲ្យលោកពិចារណា នៅក្នុងរឿងនេះផងដែរ តែអ្វីដែលលោកហួសចិត្តនោះ គឺដីស្រែដែលប្រជាពលរដ្ឋ ធ្លាប់ធ្វើជារៀងរាល់ឆ្នាំ មានទាំងគល់ជញ្ជ្រាំងដែលទើបនឹងច្រូតរួចថ្មីៗ មិនគួរទៅចាប់ចងពួកគាត់ឬក៏ឃាត់ឃាំងពួកគាត់ នៅក្នុងកិច្ចការបង្កបង្កើនផល ដោយមិនបានសហការជាមួយអាជ្ញាធរមូល ដ្ឋាននោះឡើយ។

ដោយឡែកលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានឲ្យដឹងនៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះដែរថា ចំពោះការចាប់មនុស្ស ៥នាក់ និងគ្រឿងចក្រចំនួន ៥គ្រឿងខាងលើនេះ កម្លាំងអាវុធហត្ថខេត្តធ្វើឡើងដោយមិនបានសហការជាមួយមន្ត្រីជំនាញរបស់លោកឡើយ ដូច្នេះលោកអត់បានដឹងនោះទេ។ ប៉ុន្តែលោកគ្រាន់តែគិតថា សម័យនេះ តើឲ្យពួកគាត់ទៅកាប់នឹងចប់ ឬក៏ប្រើគោក្របីអីទៀត ព្រោះគឺជាសម័យតេជោទៅហើយ ប្រសិនជាពួកគាត់ភ្ជួររាស់លើដីស្រែរបស់ពួកគាត់ពិតមែននោះ លោកមានចិត្តអាណិតទៅដល់ពួកគាត់ ដែលជាកសិករ ដោយទើបតែបានទទួលប្រឡាយទឹកពីរាជរដ្ឋាភិបាលថ្មីៗ ហើយមិនត្រូវបានបង្កបង្កើនផលលើដីស្រែរបស់ខ្លួនឯងបែបនេះ តើឲ្យពួកគាត់ទៅរំពឹងអី ស្របពេលដែលប្រទេសជាតិ កំពុងមានភាពវឹកវរផ្នែកសេដ្ឋកិច្ច ដោយមេរោគកូវីដ-១៩ ផងនោះ៕