(ឧត្តរមានជ័យ)៖ បើទោះបីថាខេត្តឧត្តរមានជ័យ មិនទាន់មានអ្នកកើតជំងឺកូវីដ១៩យ៉ាងណាក្តី តែអាជ្ញាធរបានត្រៀមលក្ខណៈសម្បត្តិរួចរាល់ហើយ​តាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ អាជ្ញាធរបានរៀបចំសណ្ឋាគារមួយ និងវិទ្យាល័យមួយមានបន្ទប់សរុប ៨០បន្ទប់ទុកសម្រាប់ប្រើប្រាស់ក្នុងករណីមានអ្នកកើតជំងឺកូវីដ១៩។

លោកទេសរដ្ឋមន្ត្រី គន់ គីម ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តឧត្តរមានជ័យ និងលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ បានអញ្ជើញចុះពិនិត្យទីតាំងទាំងនេះ ដើម្បីឱ្យប្រាកដថាទីតាំង និងបន្ទប់សម្រាប់ព្យាបាលអ្នកជំងឺត្រូវបានរៀបចំរួចរាល់។

លោកទេសរដ្ឋមន្ត្រី គន់ គីម បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News ថា អាជ្ញាធរខេត្ត បានសម្រេចយកសណ្ឋាគារ «ឧត្តម រដ្ឋា» និងវិទ្យាល័យសំរោង រៀបចំជាកន្លែងសម្រាប់ព្យាបាលអ្នកកើតជំងឺកូវីដ១៩។ លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ទីតាំងទាំងពីរកន្លែងមានបន្ទប់ ៨០បន្ទប់ ស្មើនឹង ១៧០គ្រែ។ ក្រៅពីការរៀបចំគ្រែរួចរាល់ហើយនោះ ប្រព័ន្ធទឹក និងភ្លើង ក៏ត្រូវបានរៀបចំរួចរាល់ផងដែរ។

«បើទោះបីថាខេត្តឧត្តរមានជ័យមិនទាន់មានអ្នកឆ្លងជំងឺកូវីដ១៩ តែគោរពតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលរបស់យើង ដែលតែងតែមានស្មារតីប្រុងប្រយ័ត និងរៀបចំទុកជាមុននោះ គឺអាជ្ញាធរយើងបានចាត់ចែងរៀបចំទីតាំងរួចរាល់ហើយ។ គ្រែ គ្រឿងបរិក្ខា ប្រព័ន្ធទឹកភ្លើង គឺយើងបានរៀបចំរួចជាស្រេច គឺមិនធ្វេសប្រហែសឡើយ»។ នេះជាការបញ្ជាក់របស់លោកទេសរដ្ឋមន្ត្រី គន់ គីម។

សូមបញ្ជាក់ថា នៅថ្ងៃដដែលនេះ បន្ទាប់ពីបានអញ្ជើញទីតាំងសម្រាប់ព្យាបាលអ្នកជំងឺទាំងពីរទីតាំងនេះរួចទៅ លោកទេសរដ្ឋមន្ត្រី គន់ គីម និងលោកអភិបាលខេត្ត ព្រមទាំងក្រុមការងារ បានបន្តដំណើរចុះតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋដែលជួបការលំបាក និងខ្វះខាតក្នុងជីវភាពក្នុងក្រុងសំរោង។

ក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ មានប្រជាពលរដ្ឋជួបការលំបាក និងខ្វះខាតក្នុងជីវភាពប្រមាណជា ៣ពាន់គ្រួសារ។ ពួកគាត់ជាអ្នករកបានចំណូលតិចតួចសម្រាប់គ្រួសារ ហើយត្រូវជួបការលំបាកកាន់តែខ្លាំងថែមទៀត នៅពេលប្រទេសជួបការលំបាកដោយសារតែជំងឺកូវីដ១៩។

ក្នុងឱកាសចុះតាមខ្នងផ្ទះប្រជាពលរដ្ឋជួបការខ្វះខាតក្នុងជីវភាពនេះ លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បាននាំយកនូវស្បៀងអាហារ គ្រឿងឧបភោគ បរិភោគ និងក្រមាផងដែរ ចែកជូនដល់ប្រជាពលរដ្ឋដែលខ្វះខាតក្នុងជីវភាពនោះ។ លោកទេសរដ្ឋមន្ត្រី ក៏បានជម្រាបជូនប្រជាពលរដ្ឋទាំងនោះ ពីផលប៉ះពាល់សម្រាប់សង្គមជាតិទាំងមូលពីឥទ្ធិពលនៃជំងឺកូវីដ១៩ និងបានបង្ហាញពីវិធានការទាំងឡាយដែលសម្តេចតេជោ ហ៊ុន សែន បានដាក់ចេញ ដើម្បីដោះស្រាយបញ្ហាប្រឈមនេះ។

លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានណែនាំប្រជាពលរដ្ឋឱ្យទាក់ទងជាមួយអាជ្ញាធរនៅមូលដ្ឋានក្នុងករណីជួបការលំបាក ឬមានតម្រូវការចាំបាច់អ្វីមួយនោះ។ លោកទេសរដ្ឋមន្ត្រី បានអះអាងថា រូបលោក និងអាជ្ញាធរនឹងប្រឹងប្រែងដោះស្រាយរាល់ការលំបាករបស់ប្រជាពលរដ្ឋ។

ក្នុងឱកាសនោះលោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានក្រើនរំលឹកប្រជាពលរដ្ឋអនុវត្តន៍តាមវិធានណែនាំទាំងឡាយរបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវអនុវត្តន៍នូវវិធានអនាម័យឱ្យបានជាប់ជាប្រចាំ ដើម្បីចៀសផុតពីការឆ្លងជំងឺកូវីដ១៩៕