(ឧត្តរមានជ័យ)៖ លោកទេសរដ្ឋមន្ត្រី គន់ គីម ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តឧត្តរមានជ័យ នៅថ្ងៃអាទិត្យ ទី២៩ ខែមីនា ឆ្នាំ២០២០នេះ បន្តនាំយកស្បៀងអាហារជាគ្រឿងឧបភោគ បរិភោគ ថវិកា និងក្រមាផងចែកជូនដល់ប្រជាពលរដ្ឋជួបការលំបាកបណ្តាលមកពីឥទ្ធិពលនៃជំងឺកូវីដ១៩។
ខេត្តឧត្តរមានជ័យ គឺជាខេត្តមួយជាប់នឹងព្រំដែនប្រទេសថៃ ហើយប្រជាពលរដ្ឋជាច្រើនតែងតែរកស៊ីអាស្រ័យដោយការឆ្លងចេញចូលព្រំដែននៃប្រទេសទាំងពីរ។ ដោយសារតែឥទ្ធិពលនៃជំងឺកូវីដ១៩ នាំឱ្យប្រទេសទាំងពីរបិទច្រកព្រំដែនជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩នេះ។
ការបិទច្រកព្រំដែននេះ ធ្វើឱ្យប្រជាពលរដ្ឋបាត់បង់មុខរបរ និងចំណូលដែលពួកគេធ្លាប់រកបានប្រចាំថ្ងៃ និងនាំឱ្យប៉ះពាល់ដល់ជីវភាពផងដែរ។ លោកទេសរដ្ឋមន្ត្រី គន់ គីម បានឱ្យដឹងថា ប្រជាពលរដ្ឋដែលជួបការលំបាកក្នុងជីវភាពនៅទូទាំងខេត្តឧត្តរមានជ័យមានមានចំនួនសរុបជាង ១ម៉ឺនគ្រួសារ។
ដើម្បីដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ លោកទេសរដ្ឋមន្ត្រី ដែលជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តជាប់ព្រំដែនថៃមួយនេះ និងក្រុមការងារ បានកៀរគររកជំនួយសប្បុរសនានា ជាពិសេសស្បៀងអាហារ គ្រឿងឧបភោគ បរិភោគ ចែកជូនដល់អ្នកជួបការលំបាកក្នុងជីវភាពទាំងនេះ ដើម្បីដោះស្រាយការលំបាករបស់ពួកគេ។
ក្នុងឱកាសចុះនាំស្បៀងអាហារជូនដល់ប្រជាពលរដ្ឋជួបការលំបាកទាំងនេះ លោកទេសរដ្ឋមន្ត្រី គន់ គីម បានឆ្លៀតពន្យល់ពីទុក្ខលំបាករបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាពិភពលោកទាំងមូល ដោយសារឥទ្ធិពលនៃជំងឺកូវីដ១៩នេះ។
លោកទេសរដ្ឋមន្ត្រី ក៏បានជម្រាបជូនប្រជាពលរដ្ឋពីការគិតគូរ និងការយកចិត្តទុកដាក់ដោះស្រាយបញ្ហាពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន ដោយបានណែនាំឱ្យក្រុមការងារថ្នាក់ជាតិទាំងអស់ នាំយកស្បៀងអាហារជូនដល់ពលរដ្ឋនៅតាមទីជនបទ។
«នេះជាការលំបាករបស់ជាតិយើង ហើយមិនត្រឹមតែជាតិយើងទេ គឺលើពិភពលោកតែម្តងកំពុងជួបការលំបាកដោយសារតែការរីករាលដាលជំងឺកូវីដ១៩នេះ។ តែទោះជាយ៉ាងសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គឺលោកយកចិត្តទុកដាក់ណាស់ទាំងការដោះស្រាយបញ្ហារបស់ជាតិទាំងមូល និងបងប្អូនប្រជាពលរដ្ឋរបស់យើង»។ នេះជាការបញ្ជាក់របស់លោកទេសរដ្ឋមន្ត្រី គន់ គីម ពេលអញ្ជើញចុះតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ។
បើទោះបីជាយ៉ាងណា លោកទេសរដ្ឋមន្ត្រី គន់ គីម ក្នុងនាមជាប្រធានក្រុមការងារចុះជួយខេត្តឧត្តរមានជ័យ បានប្តេជ្ញាថា លោកនឹងប្រឹងប្រែងដោះស្រាយរាល់ការលំបាករបស់ប្រជាពលរដ្ឋក្នុងខេត្តឧត្តរមានជ័យ។ លោកទេសរដ្ឋមន្ត្រី សុំឱ្យប្រជាពលរដ្ឋទាក់ទងទៅអាជ្ញាធរមូលដ្ឋាននៅពេលពួកគាត់ជួបបញ្ហា ដើម្បីអាជ្ញាធរពាក់ព័ន្ធរិះរកវិធីដោះស្រាយជូន។
ក្នុងឱកាសអញ្ជើញចុះតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋផ្តល់ស្បៀងអាហារនេះ លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានណែនាំដល់ប្រជាពលរដ្ឋឱ្យអនុវត្តន៍តាមវិធានអនាម័យទាំងឡាយរបស់ក្រសួងសុខាភិបាល ដើម្បីការពារការរីករាលដាល និងឆ្លងជំងឺកូវីដ១៩។
វិធានអនាម័យដែលលោកទេសរដ្ឋមន្ត្រី បានណែនាំបន្ថែមដល់ប្រជាពលរដ្ឋនោះ មានដូចជាការឧស្សាហ៍លាងដៃនឹងសាប៊ូមុន និងក្រោយហូបអាហារ ឬពេលត្រឡប់មកពីខាងក្រៅផ្ទះជាដើម, ពេលចេញទៅក្រៅ ឬកន្លែងប្រមូលផ្តុំត្រូវពាក់ ឬប្រើក្រមាខ្ទប់មាត់ជាដើម, ចំណីអាហារត្រូវចំអិនឱឆ្អិនល្អ, កាត់បន្ថយកម្មវិធីជួបជុំជាដើម។ ជាពិសេសនៅពេលមានបញ្ហាសុខភាពត្រូវទាក់ទងទៅអាជ្ញាធរមូលដ្ឋាន ឬមន្ត្រីសុខាភិបាលនៅតាមមណ្ឌលសុខភាព ឬតាមលេខទូរស័ព្ទដែលបានបង្ហាញជាដើម៕