(ភ្នំពេញ)៖ អង្គភាពយោធភូមិភាគទី៥ នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០នេះ បានប្រគល់ខ្លួនជនបង្កជាយោធាទាំង២រូប ឲ្យទៅសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តប៉ៃលិន ចាត់ការបន្តតាមនីតិវិធី ក្រោយយោធាទាំង២រូបនេះ បានប្រើហិង្សា ទៅលើជនមានពិការភាពម្នាក់ ជាបុគ្គលិកបម្រើការងារ នៅអគ្គីសនីខេត្តប៉ៃលិន។

ចំណាត់ការនេះ បានធ្វើឡើងបន្ទាប់ពី លោក ឯម ច័ន្ទមករា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ តំណាងលោក វង សូត ប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ បានអំពាវនាវឱ្យសមត្ថកិច្ច និងអាជ្ញាធរខេត្តប៉ៃលិន ចាត់វិធានការលើជនដៃដល់ប្រព្រឹត្តអំពើហិង្សា លើបុគ្គលិកមានពិការភាព បម្រើការនៅក្រុមហ៊ុនអគ្គីសនីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។

បន្ថែមពីលើនេះ លោក ឯម ច័ន្ទមករា តំណាងឲ្យរដ្ឋមន្រ្តីសង្គមកិច្ច ក៏បានថ្លែងអំណរគុណចំពោះកងរាជអាវុធហត្ថ ក្នុងខេត្តប៉ៃលិន ដែលបានដុតដៃដុតជើង ក្នុងការបំពេញការងារ រហូតចាប់ខ្លួនជនបង្ក និងបានបន្តនីតិវិធីតុលាការ ដើម្បីរកភាពយុត្តិធម៌ ជូនជនរងគ្រោះ ។

ការប្រើអំពើហិង្សាខាងលើនេះ ត្រូវបានគេចែកចាយនូវវីដេអូធ្វើសកម្មភាព ដែលបានបង្ហាញពី សកម្មភាពប្រើអំពើហិង្សាពីសំណាក់កម្លាំងសមត្ថកិច្ចមួយក្រុមជាយោធា ទៅលើជនមានពិការភាពម្នាក់ ដែលជាបុគ្គលិកបម្រើការងារ នៅអគ្គីសនីខេត្តប៉ៃលិន។ ហើយការប្រព្រឹត្តរំលោភចូលលើទីតាំងធ្វើការរបស់គេ ដ៏សហាវព្រៃផ្សៃបំផុត។

លោក ឯម ច័ន្ទមករា បានបញ្ជាក់ថា ៖ «យើងខ្ញុំកំពុងតាមដានករណីនេះដោយយកចិត្តទុកដាក់បំផុត ហើយបានផ្តល់ព័ត៌មាននេះទៅអាជ្ញាធរមានសមត្ថកិច្ចដើម្បីរៀបចំនីតិវិធីតាមផ្លូវច្បាប់រួចហើយ។ ហើយលោក អរគុណដល់លោកឧត្តមសេនីយ៍មេបញ្ជាការ យោធភូមិភាគទី៥ មានចំណាត់ការរឿងនេះ នាំខ្លួនជនបង្ក មកប្រគល់អោយមន្ត្រីនគរបាលយុត្តិធម៍អាវុធហត្ថខេត្តប៉ៃលិន បន្តនីតិវិធី»

គួរបញ្ជាក់ថា បើតាមការលើកឡើងរបស់ លោក ឯម ច័ន្ទមករា, ជនមានពិការភាព ត្រូវបានការពារដោយច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ។ យោងតាមច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ករណីនេះលោក ឯម ច័ន្ទមករា បានស្នើឱ្យ អាជ្ញាធរស្វែងរកមូលហេតុពិតប្រាកដនិងរកយុត្តិធម៌ដល់ជនរងគ្រោះដែលមានពិការភាព។

លោកអគ្គលេខាធិការរូបនេះ បានបន្តទៀតថា «ប្រសិនបើបុគ្គលិកមានពិការភាពរូបនោះប្រើពាក្យសម្តីឬកាយវិការមិនសមរម្យ ចំពោះអតិថិជន គម្បីដាក់ពាក្យរិះគន់ដើម្បីស្ថាបនា ទៅប្រធានសាខាអគ្គីសនីនៅទីនោះ មិនគួរប្រើអំពើហិង្សា ដែលផ្ទុយពីច្បាប់ទេ»