(ស្វាយរៀង)៖ នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០នេះ លោក ម៉ែន វិបុល អភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយទ្ធប្រឆាំងជំងឺកូវីដ១៩ (COVID-19) ខេត្តស្វាយរៀង បានដឹកនាំកិច្ចប្រជុំស្ដីពី «ការបង្កើតក្រុមការងារ ដើម្បីទទួលខុសត្រូវសម្របសម្រួល ក្នុងការដឹកនាំក្រុមការងារទទួលប្រជាពលរដ្ឋ មានទីលំនៅ នៅខេត្តស្វាយរៀង ដែលវិលត្រលប់មកពីប្រទេសថៃ»

នៅក្នុងកិច្ចប្រជុំនេះ មានការចូលរួមពីលោក លោកស្រីអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ លោកអភិបាលក្រុង ស្រុក លោកនាយកទីចាត់ការចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

ថ្លែងក្នុងកិច្ចប្រជុំនេះ លោកអភិបាលខេត្តបានផ្តាំផ្ញើដល់ក្រុមការងារដែលទទួលខុសត្រូវ និងដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋខេត្តស្វាយរៀង មកពីប្រទេសថៃ នូវចំណុចមួយចំនួនដូចខាងក្រោម៖

*ទី១៖ ត្រូវចូលរួមសហការជាមួយរដ្ឋបាលខេត្តជាប់ព្រំដែនប្រទេសថៃ។
*ទី២៖ ត្រូវចាត់ចែងមធ្យោបាយសមស្រប ដើម្បីដឹកជញ្ជូនពួកគាត់មកកាន់លំនៅឋាន រួមទាំងការឧបត្ថម្ភនូវម្ហូបអាហារ ទឹក សម្ភារ និងថ្នាំពេទ្យជាដើម។
*ទី៣៖ ត្រូវយកចិត្តទុកដាក់គិតគូរពីសុវត្ថិភាព សុខភាព និងទ្រព្យសម្បត្តិរបស់ពួកគាត់ ព្រមទាំងសណ្តាប់ធ្នាប់ និងរបៀបរៀបរយ នៅពេលធ្វើដំណើរត្រឡប់មកវិញ។
*និងទី៤៖ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវចុះតាមខ្នងផ្ទះ ដែលប្រជាពលរដ្ឋទើបមកពីប្រទេសថៃ ដោយណែនាំពួកគាត់ឱ្យដាក់ខ្លួនដាច់ ដោយឡែករយៈពេល១៤ថ្ងៃ ស្របតាមនីតិវិធីកំណត់របស់ក្រសួងសុខាភិបាល និងបង្កើនសកម្មភាពផ្សព្វផ្សាយអំពីវិធីបង្ការ និងទប់ស្កាត់ការឆ្លងវីរុស COVID-19 នៅតាមមូលដ្ឋានរៀងៗខ្លួន៕