(កំពង់ធំ)៖ ក្នុងប្រតិបត្តិការចុះបង្រ្កាបបទល្មើសផលអនុផលព្រៃឈើនៅចំណុច ភូមិទីពោ ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ កាលយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ដោយកម្លាំងនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសន្ទុក រួមជាកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្រោមការសម្របសម្រួលពីអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ដើម្បីចុះបង្រ្កាបគោយន្តដឹកបទល្មើសផលអនុវផលព្រៃឈើចំនួន ៤គ្រឿង។

ក្នុងប្រតិបត្តិការនេះ មុននឹងកម្លាំងចម្រុះសមត្ថកិច្ចទៅដល់ទៅដល់ ស្រាប់តែលេចមុខជំនួយការឃុំទីពោ ដែលត្រូវបានម្ចាស់គោយន្តប្រាប់ថា ឈ្មោះ យឿន ចន្ធី និងលោកនាយកសាលាបឋមសិក្សាទីពោមួយរូបទៀតឈ្មោះ អៀង ផា មកសម្របសម្រួល និងរត់ការផ្លូវឲ្យគោយន្ត និងហៅទូរសព្ទទៅមេឃុំស្ងាត់ៗ ហើយលួចខ្សឹបប្រាប់គោយន្តទាំង ៤បួន គ្រឿងបើកចេញពីទីតាំង។ គោយន្ត ៣គ្រឿងបានបើកគេចចូលតាមច្រកផ្លូវក្នុងភូមិលាក់ខ្លួនបាត់ស្រមោល នៅសល់១គ្រឿង កំពុងទម្លាក់ឈើចេញពីគោយន្ត ក៏ត្រូវសមត្ថកិច្ចទៅដល់ ហើយដាក់មេប្រូចរត់បាត់ស្រមោល។

សមត្ថកិច្ចបញ្ជាក់ថា គោយន្តដែលធ្វើការឃាត់បាន ១គ្រឿង ត្រូវបានកសាងនីតិវិធីបញ្ជូន ទៅសង្កាត់រដ្ឋបាលព្រៃឈើ។ ចំពោះបុគ្គលទាំងពីររូប ដែលជាអ្នករត់ការបទល្មើសផលអនុវផលព្រៃឈើ ដែលបញ្ជាឲ្យគោយន្តចេញពីទីតាំង ក៏កំពុងត្រូវបានកសាងនីតិវិធីបន្ត ដែលជាប់ពាក់ព័ន្ធពីបទដឹកផលអនុផលព្រៃឈើខុសច្បាប់ និងពីបទរំខាន រារាំង ការងាររបស់សមត្ថកិច្ច៕