(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ប្រកាសសម្រេចផ្អាកការផ្តល់ទិដ្ឋាការរយៈពេល១ខែ សម្រាប់ភ្ញៀវបរទេសដែលចង់មកប្រទេសកម្ពុជា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដោយការផ្អាកនេះ ត្រូវអនុវត្តចាប់ពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០តទៅ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

តាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស បានបញ្ជាក់ថា៖ ដើម្បីកាត់បន្ថយ និងទប់ស្កាត់ការចម្លងនៃវីរុសកូរ៉ូណា (កូវីដ-១៩) និងស្របតាមវិធានការនានា របស់បណ្តាប្រទេសអាស៊ាន រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់វិធានការរឹតបន្តឹងជាបណ្តោះអាសន្ន ការចូលក្នុងព្រះរាជាណាចក្រកម្ពុជា បន្ថែមពីលើវិធានការរបស់ក្រសួងសុខភិបាលកម្ពុជា ដោយចាប់ផ្តើមអនុវត្តពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ២៣៖៥៩ដូចខាងក្រោម៖

១៖ ផ្អាកគោលការណ៍លើកលែងទិដ្ឋាការ និងការផ្តល់ទិដ្ឋាការទេសចរ ទិដ្ឋាការតាមប្រព័ន្ធអេឡិច ត្រូនិច(e-Visa) និងទិដ្ឋាការនៅពេលមកដល់ (Visa on Arrival) ជូនជនបរទេសទាំងអស់ ក្នុងរយៈពេលមួយខែ។

២៖ ជនបរទេសដែលមានបំណងធ្វើដំណើរចូលមកព្រះរាជាណាចក្រកម្ពុជា ត្រូវស្នើសុំទិដ្ឋាការ ជាមុន នៅតាមស្ថានតំណាងកម្ពុជានៅបរទេស។ ជនបរទេសនោះត្រូវផ្តល់នូវវិញ្ញាបនប័ត្រ បញ្ជាក់សុខភាព ដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ចផ្នែកសុខភាពនៃប្រទេសរបស់ សាមីខ្លួន ដែលមានសុពលភាពមិនលើសពី ៧២ម៉ោង មុនពេលធ្វើដំណើរ បញ្ជាក់ថាខ្លួន ពុំមានវីរុសកូរ៉ូណា(កូវីដ-១៩)ទេ។ បន្ថែមលើសពីនេះ ជនបរទេសត្រូវមានឯកសារធានា រ៉ាប់រង ដែលបញ្ជាក់ពីការរ៉ាប់រងសុខភាព ក្នុងចំនួនទឹកប្រាក់យ៉ាងតិច ៥០.០០០ ដុល្លារ (ប្រាំម៉ឺនដុល្លារអាមេរិក) ក្នុងអំឡុងពេលស្នាក់នៅកម្ពុជា។

៣៖ តម្រូវការវិញ្ញាបនប័ត្របញ្ជាក់សុខភាព និងឯកសារធានារ៉ាប់រងសុខភាពមិនត្រូវបានអនុវត្ត ចំពោះជនបរទេស ដែលកាន់ទិដ្ឋាការការទូត (ទិដ្ឋាការប្រភេទ A) ឬទិដ្ឋាការផ្លូវការ (ទិដ្ឋាការ ប្រភេទ B) របស់កម្ពុជា។

៤៖ នៅពេលចូលមកព្រះរាជាណាចក្រកម្ពុជា ជនបរទេសនឹងត្រូវត្រួតពិនិត្យហានិភ័យសុខភាព ដោយមន្រ្តីមានសមត្ថកិច្ចរបស់រាជរដ្ឋាភិបាល មុននឹងអនុញ្ញាតឱ្យចូលក្នុងប្រទេស។ ជន បរទេសនោះ នឹងត្រូវដាក់ឲ្យនៅដាច់ដោយឡែក ស្របតាមវិធានការចត្តាឡីស័ក ឬវិធានការ នានា ដែលបានកំណត់ដោយក្រសួងសុខាភិបាលកម្ពុជា ដើម្បីបង្ការ និងទប់ស្កាត់វីរុសនេះ ។

៥៖ រាល់ការរឹតបន្តឹងក្នុងការធ្វើដំណើរខាងលើ គឺមានលក្ខណៈជាបណ្តោះអាសន្ន ហើយនឹងត្រូវ ពិនិត្យឡើងវិញជាប្រចាំដោយរាជរដ្ឋាភិបាលកម្ពុជា ដោយផ្អែកលើការវិវត្តន៍នៃស្ថានភាពជា សកលពាក់ព័ន្ធនឹងវីរុសនេះ។

គិតរហូតដល់ព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១០២នាក់ហើយ ដែលក្នុងនោះមាន១៣នាក់ ត្រូវបានព្យាបាលឱ្យជាសះស្បើយ និង៨៩នាក់ កំពុងព្យាបាលនៅមន្ទីរពេទ្យរដ្ឋមួយចំនួន ទៅទូទាំងប្រទេស៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងការបរទេស៖