(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រួមជាមួយនឹងលោក លោកស្រី ដែលជាអនុប្រធាន នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ បាននាំយកថវិកា ដែលសមាជិក សមាជិកា និងសប្បុរសជននានាបានបរិច្ចាគ តាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជាចំនួន ១០ម៉ឺនដុល្លារ ទៅប្រគល់ជូន គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាល ដើម្បីជាការចូលរួម ចំណែកក្នុងយុទ្ធនាការអប់រំ ផ្សព្វផ្សាយ និងប្រឆាំង នឹងការរីករាលដាល នៃជំងឺកូវីដ១៩។

ក្នុងដំណាក់កាលស្ថានភាព នៃការរីករាលដាលជំងឺកូវីដ១៩ ក្នុងប្រទេសកម្ពុជា នៅបន្តកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ សហភាពសហព័ន្ធយុវជនកម្ពុជា បាននិងកំពុង ធ្វើការផ្សព្វផ្សាយយ៉ាងសកម្ម ជាបន្តបន្ទាប់អំពីវិធានការទប់ស្កាត់នានា ហើយនិងអំពាវនាវដល់សមាជិក សមាជិកា ទាំងអស់ទូទាំងប្រទេសរបស់ខ្លួន ក៏ដូចជាដៃគូ សហការនានា ឲ្យចូលរួមគ្រប់មធ្យោបាយ តាមលទ្ធភាពដែលមាន ដើម្បីរួមគ្នាជាចំណែកមួយ ជាមួយរាជរដ្ឋាភិបាល ក្នុងយុទ្ធនាការទប់ស្កាត់ជំងឺកូវីដ១៩ ដែលបាន និងកំពុងតែបង្កគ្រោះភ័យ ដោយគំរាមកំហែងលើសុខមាលភាព និងជីវិតរបស់ប្រជាជនកម្ពុជា។

នាពេលកន្លងថ្មីនេះ សហភាពសហព័ន្ធយុវជនកម្ពុជា បានចេញសេចក្តីណែនាំ ស្តីពីការដាក់ឲ្យអនុវត្តយុទ្ធនាការ បញ្ជ្រាបការយល់ដឹង ពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋកម្ពុជា តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន ដោយធ្វើការណែនាំ ដល់គណៈកម្មាធិការ ស.ស.យ.ក រាជធានី-ខេត្ត ដូចខាងក្រោម៖

*ទី១៖ ត្រូវចាត់តាំងក្រុមការងារ ទទួលបន្ទុកអនុវត្តយុទ្ធនាការ បញ្រ្ជាបការយល់ដឹង ពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ នៅថ្នាក់រាជធានី-ខេត្ត និងចាត់តាំងជនបង្គោល ដើម្បីសម្របសម្រួលទំនាក់ទំនង ការងារជាមួយគណៈកម្មាធិការកណ្តាល។

*ទី២៖ ត្រូវជំរុញសមាជិក សមាជិកា គ្រប់រូបឲ្យយល់ដឹង និងជាអ្នកនាំសារពីគ្រោះថ្នាក់ និងវិធីសាស្រ្តការពារខ្លួន ក្រុមគ្រួសារ និងសហគមន៍ពីជំងឺកូវីដ ១៩ ស្របតាមសេចក្តីណែនាំ របស់ក្រសួងសុខាភិបាល។

*ទី៣៖ ត្រូវត្រៀមខ្លួន និងចូលរួមសហការ ជាមួយក្រសួងសុខាភិបាល និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង ជាមួយជំងឺកូវីដ ១៩ ជាពិសេសការបង្ការ និងការទប់ស្កាត់ការរីករាលដាល នៅមូលដ្ឋានផ្ទាល់តែម្តង។

*ទី៤៖ ត្រូវធ្វើការផ្សព្វផ្សាយជាប់ជាប្រចាំ ពីគ្រោះថ្នាក់ និងវិធីសាស្រ្តការពារការឆ្លងជំងឺកូវីដ ១៩ តាមរយៈប្រព័ន្ធឧឃោសនស័ព្ទ នៅតាមទីស្នាក់ការ ស.ស.យ.ក. និងតាមទីសាធារណៈនានា។

*ទី៥៖ ត្រូវត្រៀមសមាជិក សមាជិកាសកម្មចន្លោះពី៣០ ទៅ៥០រូប ក្នុងដំណាក់កាលដំបូង ដើម្បីត្រៀមចុះផ្សព្វផ្សាយ និងចែកខិត្តបណ្ណពីគ្រោះថ្នាក់ និងវិធីសាស្រ្តការពារ ការឆ្លងជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋ នៅតាមទីសាធារណៈ ដោយអនុវត្តស្របតាមគោលការណ៍ណែនាំ និងខ្លឹមសារពីថ្នាក់កណ្តាល។

ទន្ទឹមនឹងនោះ នៅលើទំព័រផ្លូវការដដែល សកម្មភាពនៃការចូលរួមរបស់សមាជិក សមាជិក ស.ស.យ.ក. តាមបណ្តារាជធានីខេត្ត ត្រូវបានបង្ហោះជាបន្តបន្ទាប់ ដោយសកម្មភាពទាំងនោះ បានឆ្លើយតបទៅនឹងអ្វី ដែលបានរៀបរាប់ក្នុងសេចក្តីណែនាំ ដូចបានរៀបរាប់ខាងលើ៕