(ភ្នំពេញ)៖ ក្រុមហ៊ុន Cellcard នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០នេះ បានប្រកាសថា ក្រុមហ៊ុននឹងផ្តល់ជូន នូវការហៅទូរស័ព្ទចេញ និងផ្ញើសារដោយឥតគិតថ្លៃ ដល់វេជ្ជបណ្ឌិត និងបុគ្គលិកពេទ្យសំខាន់ៗ នៅក្នុងអំឡុងពេល នៃការប្រយុទ្ធប្រឆាំង ជាមួយនឹងវីរុសកូវីដ១៩។

ក្រុមហ៊ុន Cellcard បានបញ្ជាក់ថា បុគ្គលិក មកពីសហគមន៍វេជ្ជសាស្រ្តជាង២០០នាក់ ដែលបានចុះបញ្ជី ដោយក្រសួងសុខាភិបាល បានផ្តល់ជូនរួចហើយ នូវសេវាកម្មឥតគិតថ្លៃនេះ។

ការផ្តល់ជូនពិសេសនេះ ត្រូវបានធ្វើឡើងបន្ទាប់ពី អ្នកឧកញ៉ា គិត ម៉េង ដែលជាប្រធានក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានប្រកាសក្នុងថ្ងៃនេះ នូវការដាក់ឲ្យប្រើប្រាស់ ទូរវេជ្ជសាស្រ្ត (Telemedicine) តាមរយៈបច្ចេកវិទ្យា 5G ដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ដែលនឹងចាប់ផ្តើមដំណើរការ ចាប់ពីថ្ងៃច័ន្ទខាងមុខនេះតទៅ។

គំនិតផ្តួចផ្តើមទាំងពីនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងដើម្បីជួយគាំទ្រ ទៅដល់វេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា និងក្រសួងសុខាភិបាល ខណៈដែលពួកគេ កំពុងតែមមាញឹកប្រយុទ្ធប្រឆាំង ជាមួយនឹងវីរុសកូវីដ១៩ និងកំពុងបន្តព្យាបាលអ្នកជំងឺ ដែលកំពុងត្រូវការការយកចិត្តទុកដាក់ នៅទូទាំងប្រទេសកម្ពុជា។

ក្រុមហ៊ុន Cellcard នឹងនៅតែបន្តផ្តល់ជូន ការប្រើប្រាស់សេវាកម្មដោយឥតគិតថ្លៃ ដល់បុគ្គលិកពេទ្យបន្ថែមទៀត នៅចុងសប្តាហ៍នេះ ខណៈដែលបច្ចុប្បន្ន បញ្ជីឈ្មោះបុគ្គលិកពេទ្យ កំពុងត្រូវបានបញ្ជាក់ដោយក្រសួងសុខាភិបាល។

លោក Ian Watson នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត បានថ្លែងថា «ក្រុមហ៊ុនសែលកាត កំពុងប្រឹងប្រែងធ្វើគ្រប់យ៉ាង ដែលខ្លួនអាចធ្វើទៅបាន ដើម្បីជួយដល់អ្នក ដែលកំពុងប្រយុទ្ធប្រឆាំងនៅជួរមុខ ក្នុងអំឡុងពេលដ៏ពិបាកនេះ»។

លោកបានបន្ដទៀតថា «ចាប់ពីថ្ងៃនេះទៅ បុគ្គលិកពេទ្យ នឹងអាចប្រាស្រ័យទាក់ទង ទៅកាន់អ្នកដទៃបានដោយសេរី ជាមួយនឹងប្រព័ន្ធបណ្តាញទូរស័ព្ទ របស់ក្រុមហ៊ុនសែលកាត»។

សម្រាប់វេជ្ជបណ្ឌិតទាំងឡាយ ដែលមិនទាន់មានលេខទូរស័ព្ទ របស់បណ្តាញសែលកាត អាចទំនាក់ទំនងមកកាន់ផ្នែក បម្រើអតិថិជនរបស់ក្រុមហ៊ុនបាន បន្ទាប់មកក្រុមហ៊ុន នឹងធ្វើការរៀបចំ ហើយនាំយកស៊ីមកាត ទៅជូនដល់ទីកន្លែងដោយឥតគិតថ្លៃតែម្តង។

លោកអ្នកអាចទាក់ទង មកកាន់ភ្នាក់ងារបម្រើអតិថិជន របស់សែលកាតបាន តាមរយៈលេខទូរស័ព្ទ ០១២ ៨១២ ៨១២ (និង 812 សម្រាប់អតិថិជនសែលកាត)៕