(សៀមរាប)៖ ស្ត្រីម្នាក់ដែលបានបង្ហោះសារតាមបណ្តាញ Tik Tok ថា ហូបពងស្ងោជួយការពារជំងឺកូវីដ១៩នោះ ត្រូវបានសមត្ថកិច្ចហៅមកអប់រំ និងបញ្ជាក់ថា អ្វីដែលខ្លួនលើកឡើងមិនមែនជាការពិតនោះឡើយ។

ប្រតិបត្តិការឃាត់ខ្លួនស្រ្តីម្នាក់នេះ បានធ្វេីឡេីងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដោយកម្លាំងនគរបាលខេត្តសៀមរាប សហការជាមួយកម្លាំងនាយកដ្ឋានជំនាញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

ស្ត្រីរូបនេះមានឈ្មោះ ដុស សុខឡី អាយុ ២៩ឆ្នាំ រស់នៅភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុងសៀមរាប មុខរបរជាអ្នកលក់ខោអាវ។

ជាមួយការហៅមកអប់រំនេះ ស្ត្រីរូបនេះ ក៏បានធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពខុសឆ្គងបែបនេះផងដែរ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០កន្លងទៅ ស្ត្រីឈ្មោះ ដុស សុខឡី បានបង្ហោះសារលើបណ្តាញ Tik Tok ថា មានទារកទើបកើតបានពីរថ្ងៃចេះនិយាយ និងឱ្យយកពងមកស្ងោរហូប ដើម្បីការពារជំងឺកូវីដ១៩។ ក្រោយការបង្ហោះសារបំផុសបែបនេះ បាននាំឱ្យប្រជាពលរដ្ឋខ្មែរមួយចំនួននាំគ្នាជឿ ហើយទៅទិញពងយកមកស្ងោរនាំឱ្យពងមាន់ពងទាឡើងថ្លៃផងដែរ៕