(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោក ឃួន ស្រេង អភិបាលរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០នេះ បានអញ្ជើញក្នុងពិធីសំណេះសំណាល បើកយុទ្ធនាការផ្សព្វផ្សាយ យុទ្ធនាការវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាល វីរុសកូរ៉ូណា១៩ (COVID-19) នៅសាលារាជធានីភ្នំពេញ។

ឧបករណ៍ដែលត្រូវប្រគល់ជូននេះ រួមមាន៖ អាកុល ទែម៉ូម៉ែត្រ សាប៊ូ ខិតប័ណ្ណនិងម៉ាស ដោយផ្ដល់ជូនទៅ ខណ្ឌចំនួន៥ គឺខណ្ឌចំការមន ខណ្ឌដូនពេញ ខណ្ឌ៧មករា ខណ្ឌទួលគោក ខណ្ឌបឹងកេងកង និងមន្ទីរសុខាភិបាលរាជធានី។

លោក ឃួង ស្រេង នៅក្នុងឱកាសនោះបានលើកឡើងថា អំណោយដែលជាឧបករណ៍ សម្រាប់ទប់ស្កាត់ វីរុសកូរ៉ូណា១៩នេះ បានមកពីការជួយឧបត្ថម្ភពីវិស័យឯកជន នៅក្នុងរាជធានីភ្នំពេញ ប្រគល់ជូនទៅតាមបណ្តាសង្កាត់ទាំងអស់ នៅក្នុងរាជធានីភ្នំពេញ ដើម្បីបង្ការ និងទប់ស្កាត់ នូវជំងឺវីរុសកូរ៉ូណា១៩ (COVID-19) ខណៈដែលជំងឺនេះ បានកំពុងវាយលុកយ៉ាងខ្លាំង នៅទូទាំងពិភពលោក ក៏ដូចជានៅក្នុងប្រទេសកម្ពុជា។

លោកអភិបាល បានលើកឡើងទៀតថា នេះជាការរួមចំណែក របស់វិស័យឯកជន ដើម្បីចូលរួមទប់ស្កាត់ នូវវីរុសកូរ៉ូណា១៩នេះ ទៅតាមការណែនាំ របស់សម្ដេចតេជោ ហ៊ុន សែន។

លោកបានបន្តទៀតថា កិច្ចការងារមនុស្សធម៌នេះ កម្ពុជាបានធ្វើឡើងយូរហើយ។ ចំពោះកិច្ចការមនុស្សធម៌ ក្នុងកិច្ចការពារ និងទប់ស្កាត់ វីរុសកូរ៉ូណា១៩ (COVID-19)នេះ ត្រឹមតែរយៈខ្លីពេលខ្លីសោះ វិស័យឯកជន ក៏ដូចជាស្ថាប័នរដ្ឋបាន ជួយឧបត្ថម្ភគាំទ្រ ដែលមានទឹកប្រាក់ជួយឧបត្ថម្ភ ប្រមាណ១៤លានដុល្លារហើយ។

លោកអភិបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវការងារបី គឺហូបស្អាត ផឹកស្អាត និងករស់នៅស្អាត ដើម្បីជៀសវាងនូវការឆ្លង និងការរីករាលដាល នៃវីរុសកូរ៉ូណា១៩នេះ។

លោក ហ៊ុន ម៉ានី ក្នុងឱកាសនោះក៏បានលើកឡើងផងដែរថា ការកើតឡើងនូវវីរុសកូរ៉ូណា១៩ (COVID-19) នេះ មិនមែនតែនៅកម្ពុជានោះទេ វាជារឿងដែលកើតឡើង លើពិភពលោក ដោយមកដល់ពេលនេះ បើគិតតាមអត្រា នៃការឆ្លងរីករាលដាលនៃជំងឺវីរុសកូរ៉ូណា១៩នេះ នៅលើពិភពលោកទាំងមូល មានអ្នកឆ្លងចំនួនរហូត ដល់កន្លះលាននាក់ ក្នុងនោះ២ម៉ឺន៤ពាន់នាក់ បានបាត់បង់ជីវិត។

ចំណែកឯកម្ពុជាវិញ មានអ្នកដែលឆ្លងជំងឺនេះ មានចំនួន៩៨នាក់ ហើយការងារនេះ យើងបាននិងកំពុងរួមគ្នា ដើម្បីបង្ការទប់ស្កាត់ កុំឲ្យបន្តការរីករាលដាលធំ ជាងនេះទៀត ប៉ុន្ដែទោះបីជាយ៉ាងណាក្ដី លោក ហ៊ុន ម៉ានី ក៏បានជំរុញឲ្យអាជ្ញាធរភ្នំពេញ អាជ្ញាធរខណ្ឌសង្កាត់ ក្រៅពីបើកការទប់ស្កាត់ នូវជំងឺដ៏កាចសាហាវនេះហើយ
លោកបានជំរុញ ឲ្យមានការយកចិត្តទុកដាក់ លើកិច្ចការពារសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋផងដែរ៕