(ប៉ៃលិន)៖ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត តាមខ្នងផ្ទះតែម្តង នៅក្នុងសង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ព្រមទាំងបានឧបត្ថម្ភស្បៀង អាហារមួយចំនួន ដើម្បីជួយដោះស្រាយជីវភាពរបស់ពួកគាត់មួយរយៈពេល បន្ទាប់ពីរងផលប៉ះពាល់សេដ្ឋកិច្ចគ្រួសារ ដោយការផ្ទុះឡើងនៃជំងឺ COVID-19។

ក្នុងពិធីនេះ ដែលបានធ្វើឡើងនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០នេះ ក៏មានការចូលរួមពី លោក ជា ចាន់ឌិន សមាជិកក្រុមប្រឹក្សាខេត្ត, លោកស្រី ជា លាភ អភិបាលរងខេត្ត និងលោក ស៊ុន យី អភិបាលក្រុងប៉ៃលិន ព្រមទាំងក្រុមការងារជាច្រើនរូបទៀតផងដែរ។

លោក ផាន់ ចាន់ធុល បានលើកឡើងថា ដោយសារការព្រួយបារម្ភជាខ្លាំង ចំពោះជំងឺ COVID-19 ធ្វើឲ្យក្រុមហ៊ុន សហគ្រាស និងកន្លែងការងារមួយចំនួន ត្រូវបានបិតទ្វារ បណ្តាលឲ្យប្រជាពលរដ្ឋមួយចំនួន អត់ការងារធ្វើ ហើយពលរដ្ឋខ្លះ ដែលធ្វើជាពលករនៅក្រៅប្រទេស ត្រូវបង្ខំចិត្តវិលត្រឡប់មកកាន់ ស្រុកកំណើត និងលំនៅដ្ឋានវិញ ដូច្នេះធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចក្រុមគ្រួសារ។

លោកអភិបាលខេត្ត បានបន្ថែមថា រាជដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងបានខិតខំកសាងអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសការកសាងហេដ្ឋារចនាសម័ន្ធរូបវ័ននានា ដូចជា៖ ផ្លូវ ស្ពាន សាលា រៀន មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្ត្រ ជាដើមពិសេសបានខិតខំប្រឹងប្រែងដោះស្រាយ នូវរាល់ការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដោយមិនបណ្តោយឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់អត់បាយ ដោយមិនបានដឹង និងមិនបានដោះស្រាយននោះឡើយ។

លោក ផាន់ ចាន់ធុល បានអះអាងថា បើទោះបីជាអំណោយស្បៀងទាំងនេះ មិនបានបំពេញតាម តម្រូវការរបស់បងប្អូនក៏ពិតមែន តែក៏អាចដោះស្រាយ បានមួយកម្រិតផងដែរ ដូច្នេះសូមលោកតា លោកយាយ អ៊ុពូមីង និងបងប្អូនទាំងអស់ ត្រូវខិតខំប្រឹងប្រែងប្រកបមុខរបរចិញ្ចឹមជីវិត និងបង្កបង្កើតផលដាំដំណាំ ឲ្យបានកាន់ច្រើន ដើម្បីបង្កើនជីវភាពឲ្យបានធូធាជាងមុន ជាពិសេសត្រូវរស់នៅស្អាត ហូបស្អាត មានអនាម័យ ដោយត្រូវពាក់ម៉ាស់នៅកន្លែងសាធារណៈ និងលាងសម្អាតដៃឲ្យបានជាប្រចាំ ក្នុងន័យចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាល នៃជំងឺ COVID-19។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ទទួលអំណោយស្បៀងពីអាជ្ញាធរខេត្ត មានចំនួន៣១គ្រួសារ នៅក្នុងសង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ដោយក្នុងមួយគ្រួសារ ទទួលបាន អង្ករ២៥គីឡូក្រាម, ត្រីខ១យួរ និងទឹកត្រី១យួរ៕