(កោះកុង)៖ បុរសជនជាតិខ្មែរឥស្លាម វ័យ៥៧ឆ្នាំ ដែលមានជំងឺឆ្លង COVID-19 បានជាសះស្បើយជាធម្មតាវិញ ត្រូវបានក្រុមពេទ្យអនុញ្ញាត ឱ្យទៅផ្ទះវិលត្រឡប់ទៅជួបជុំក្រុមគ្រួសារវិញ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមកុំនៅជិត ឬប៉ះពាល់មនុស្សដែលសង្ស័យមានផ្ទុកវីរុស COVID-19 ជាពិសេសត្រូវធ្វើអនាម័យខ្លួនប្រាណតាមការណែនាំរបស់ក្រសួងសុខាភិបាល។

បុរសជនជាតិ ខ្មែរឥស្លាម វ័យ៥៧ឆ្នាំ បានបង្ហាញពីភាពសប្បាយរីករាយណាស់ដោយមើលឃើញ នៅភាពជាក់ស្តែង និងសូមថ្លែងអំណរគុណដល់ លោកស្រី មិថុនា ភូថង អភិបាលខេត្ត អាជ្ញាធរខេត្ត និងក្រុមគ្រូពេទ្យដែលខិតខំព្យាបាលគាត់យ៉ាងយកចិត្តទុកដាក់ ព្យាបាលជំងឺ COVID-19 ក្នុងខ្លួនគាត់បានជាសះស្បើយ ដោយយ៉ាងយកចិត្តទុក្ខដាក់ដោយមិនឱ្យរូបគាត់មានការអាក់អន់ចិត្តបន្តិចឡើយ ហើយក្រុមពេទ្យបានធ្វើការណែនាំអប់រំ ដល់គាត់មិនឱ្យមានការព្រួយបារម្ភអ្វីឡើយ គិតពីសុខភាពខ្លួនឯង។

បុរសរូបនេះ បានបន្តថា ដើម្បីការពាជំងឺ COVID-19 នេះ កុំឱ្យរីករាលដាល់បន្តពីមនុស្ស ទៅមនុស្សមានសូមបងប្អូនជនរួមជាតិទាំងអស់ ត្រូវអនុវត្តន៍ទៅតាមការផ្សព្វផ្សាយអបរំណែនាំពីក្រុមគ្រូពេទ្យ និងក្រសួងសុខាភិបាលដែលធ្វើការផ្សព្វផ្សាយរាល់ថ្ងៃនេះ ហើយលោក នឹងធ្វើការផ្សព្វផ្សាយបន្ត ដើម្បីឱ្យបងប្អូនយល់កាន់តែច្បាស់ពីបញ្ហាជំងឺឆ្លង COVID-19 នេះហើយបងប្អូនណាមានបញ្ហាសុខភាពខុសពីប្រក្រតី សូមអញ្ជើញមកពិនិត្យសុខភាពនៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព មិនត្រូវគេចវេសឡើយ។

លោកវេជ្ជបណ្ឌិត ហ៊ៃ ឡៃស៊ុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានថ្លែងថា ក្រោយពីបានធ្វើតេស្តពីវិទ្យាស្ថានប៉ាស្ទ័រ រួចមក ហើយលទ្ធផលបង្ហាញថា គាត់បានជាសះស្បើយពីជំងឺ COVID-19នោះ មន្ទីរពេទ្យបង្អែកខេត្ត ក៏បានអនុញ្ញាត ឱ្យគាត់វិលត្រឡប់ទៅផ្ទះវិញនៅថ្ងៃនេះ ហើយធ្វើការណែនាំបន្តដើម្បីឱ្យគាត់ចេះការការពារជំងឺនេះបន្តទៀត ហើយបើមានបញ្ហាសុខភាព ត្រូវអញ្ជើញទៅមន្ទីរពេទ្យជាបន្ទាន់ ដើម្បីឱ្យលោកគ្រូពេទ្យពិនិត្យសុខភាព។

ក្នុងឱកាសនោះដែរ លោកស្រីអភិបាលខេត្ត បានផ្តាំផ្ញើដល់បុរស ដែលបានជាសះស្បើយពីជំងឺ COVID-19 ថា សូមឱ្យជួយផ្សព្វផ្សាយអប់រំ បន្តដល់បងប្អូនជនរួមជាតិទាំងអស់ ឱ្យចេះធ្វើអនាម័យ អនុវត្តន៍ការណែនាំរបស់ក្រុមលោកគ្រូពេទ្យ និងការផ្សព្វផ្សាយអបរំ របស់ក្រសួងសុខាភិបាល ជាប់ជានិច្ចដើម្បីការពារទប់ស្កាត់ការរីករាលដាលជំងឺឆ្លង COVID-19 ពីព្រោះជំងឺ COVID-19 នេះគ្មានស្រមោល និងកាចសាហាវណាស់ វាមានការរីករាលដាលពេញពិភពលោក ហើយពិភពលោកទាំងមូល ក៏មានការព្រួយបារម្មណ៍យ៉ាងខ្លាំង ចំពោះវិបត្តិនេះ។

លោកស្រី មិថុនា ភូថង បានបន្តថា អ្វីដែលសំខាន់ គឺត្រូវចូលរួមការពារទប់ស្កាត់ទាំងអស់គ្នា ហើយអនុវត្តន៍ទៅតាមការណែនាំ របស់ក្រសួងសុខាភិបាល យើងអាចគេចផុតពីជំងឺដ៏សាហាវនេះហើយ បន្ថែមពីនេះលោកស្រីអភិបាលខេត្ត ក៏អំពាវរនាវដល់បងប្អូន ជនរួមជាតិទាំងអស់ បើមានបញ្ហាសុខភាពខុសពីប្រក្រតី សូមអញ្ជើញមកពិនិត្យសុខភាពជាបន្ទាន់ កុំគេចវេសឱ្យ ដើម្បីខ្លួនឯង និងដើម្បីគ្រួសារ៕