(ភ្នំពេញ)៖ មហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ដែលមានលំហរផ្លូវតូច នៅចំនុចប្រសព្វផ្លូវ២៧១ ត្រង់ច្រមុះជ្រូកក្បាលថ្នល់ ត្រូវបានពង្រីកឲ្យធំតាមទំហំ ពេញលេញ បន្ទាប់ពីបានដោះស្រាយផលប៉ះពាល់ចប់សព្វគ្រប់ និងការស្ថាបនា ពង្រីកបន្ថែមដោយក្រុមហ៊ុន ING Holdings Co., Ltd ដោយគ្រោងនឹងបញ្ចប់ នៅសប្តាហ៍ក្រោយនេះហើយ ពោលគឺមុនដំណាច់ខែមីនា។ នេះតាមការបញ្ជាក់ឲ្យដឹង ពីតំណាងក្រុមហ៊ុន ING Holdings Co., Ltd របស់លោកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ។

តាមការបញ្ជាក់បន្ថែម ពីតំណាងក្រុមហ៊ុន ING Holdings Co., Ltd កន្លងមកការដោះស្រាយ ផលប៉ះពាល់មានដំណើរការអូសបន្លាយពេល ក៏ប៉ុន្តែបានឈានដល់ ការព្រមព្រៀងបញ្ចប់ ដោយសុខុដុមរមនា គឺប្រជាពលរដ្ឋបានទទួលការដោះស្រាយ ដែលពួកគាត់អាចទទួលយកបាន រហូតអាចឲ្យក្រុមហ៊ុនឈានដល់ការពង្រីក លំហរមហាវិថី បានទំហំពេញតែម្តង។

ក្រុមហ៊ុនបាន និងកំពុងធ្វើការចាក់អ៊ុតកៅស៊ូ ទំហំ៣០ម៉ែត្រ ជាមួយចញ្ចើម១៥ម៉ែត្រសង្ខាង ដើម្បីសម្រួលឲ្យបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរបានស្រួល។
ការសម្រេចបាននូវផ្លែផ្កា ជាសមិទ្ធិផលសម្រាប់ទាំងអស់គ្នានាពេលនេះ ត្រូវបានតំណាងក្រុមហ៊ុនឲ្យដឹងថា មានការចូលរួមសហការ និងសម្របសម្រួលយ៉ាងខ្លាំងក្លា ពីសាលារាជធានីភ្នំពេញ អាជ្ញាធរមូលដ្ឋាន និងស្ថាប័នជំនាញពាក់ព័ន្ធ ហើយក៏សូមឆ្លៀតឱកាសនេះ គោរពថ្លែងអំណរគុណ ដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ បានចូលរួមសហការ ធ្វើឲ្យកិច្ចការនេះ អាចលេចចេញជារូបរាង ដូចបានឃើញស្រាប់។

មហាវិថីសម្ដេចតេជោ ហ៊ុន សែន ដែលគេហៅតៗគ្នាថា ផ្លូវ៦០ម៉ែត្រ ជាផ្លូវមួយខ្សែធំល្វឹងល្វើយ មើលទៅរលោងស្រឹលល្អណាស់ អមដោយបង្គោលភ្លើងបំភ្លឺផ្លូវ និងដើមឈើ ផ្តល់នូវសោភ័ណភាពដ៏ស្រស់ស្អាត។ មហាវិថីនេះ តភ្ជាប់ពីផ្លូវ២៧១ ទៅផ្លូវជាតិលេខ២ ប្រវែងជិត១០គីឡូម៉ែត្រ ដោយឆ្លងកាត់ខណ្ឌមានជ័យ និងខណ្ឌដង្កោ គឺជាមហាវិថីធំ និងវែងជាងគេ នៅរាជធានីភ្នំពេញរបស់យើង ជាលើកដំបូង។

មហាវិថីមួយនេះ ជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់មួយ សម្រាប់ប្រជាពលរដ្ឋដឹកទំនិញផ្សេងៗ និងកសិផលច្រើនសព្វសារពើ រវាងរាជធានីភ្នំពេញ និងខេត្តកណ្ដាល តាកែវ កំពត យ៉ាងមមាញឹកពិសេស ក្នុងតំបន់ថែមទៀត។

លើសពីនេះ មហាវិថីសម្តេចតេជោ ហ៊ុន សែន គឺជាខ្សែផ្លូវយុទ្ធសាស្ត្រ ក្នុងការដោះស្រាយបញ្ហាប្រឈមចំពោះមុខ គឺការកកស្ទះចរាចរ ក្នុងរាជធានីភ្នំពេញ និងចូលរួមកាត់បន្ថយការ ចំណាយនិងជំរុញកំណើនសេដ្ឋកិច្ចទីផ្សារ បានយ៉ាងល្អប្រសើរ៕