(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអះអាងថា រាជរដ្ឋាភិបាលសម្រេចធ្វើវិសោធនកម្ម អនុក្រឹត្យ ស្ដីពីការពិន័យអន្ដរការណ៍ ដោយបានបង្កើនប្រាក់ពិន័យអន្ដរការណ៍ពី៣ ទៅ៥ដង ចំពោះបទល្មើសចរាចរណ៍ផ្លូវគោក ដើម្បីជំរុញឲ្យអ្នកប្រើប្រាស់ផ្លូវទាំងអស់ គោរពអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់បំផុត។

ការថ្លែងបែបនេះរបស់សម្ដេចក្រឡាហោម ស ខេង បានធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ពិធីផ្សព្វផ្សាយអនុក្រឹត្យលេខ ៣៩អនក្រ.បក ស្តីពីការកែសម្រួលអនុក្រឹត្យលេខ ៤៤អនក្រ.បក ស្តីពីការផាកពិន័យអន្តរការណ៍ ចំពោះអំពើល្មើសនឹងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០កន្លងទៅ បានចេញអនុក្រឹត្យថ្មីមួយ ដោយធ្វើការកែសម្រួលនូវអនុក្រឹត្យ ស្តីពីការពិន័យអន្តរកាលណ៍ ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក។ អនុក្រឹត្យថ្មីនេះ បានកែប្រែនូវមាត្រមួយចំនួន ដូចជាមាត្រា៦ មាត្រា៧ មាត្រា១០ មាត្រា១១ មាត្រា១២ មាត្រា១៣ មាត្រា១៤ និងឲមាត្រា១៥ នៃក្នុងជំពូកទី៣ ពាក់ព័ន្ធបទល្មើស និងចំនួនទឹកប្រាក់ត្រូវពិន័យ នៃអនុក្រឹត្យលេខ៤៤ អនក្រ បក ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧។

បន្ថែមពីនេះ សម្ដេចក្រឡាហោម ស ខេង ក៏បានធ្វើការអំពាវនាវ និងដាក់ចេញនូវបទបញ្ជាមួយចំនួន ដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅប្រទេសកម្ពុជាផងដែរ ខណៈឆ្នាំ២០២០នេះ ជាឆ្នាំនៃការរឹតបណ្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក រួមមាន៖

* ទី១៖ សូមបងប្អូនប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវទាំងអស់ មេត្តាយោគយល់ចំពោះការប្រកាន់យកវិធានការច្បាប់ដ៏តឹងរឹង ចំពោះបទល្មើសចរាចរណ៍ផ្លូវគោក។ ដើម្បីចៀសវាងពីការប្រឈមចំពោះផ្លូវច្បាប់ សូមបងប្អូនគោរពអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកឲ្យបានខ្ជាប់ខ្ជួន ដើម្បីការពារអាយុជីវិតខ្លួនឯងផ្ទាល់ ដើម្បីភាពសុខដុមរម្យនាក្នុងក្រុមគ្រួសារ ដើម្បីការពារទ្រព្យសម្បត្តិរបស់បងប្អូន និងដើម្បីរួមគ្នាលើកកម្ពស់កិត្ដិយស សេចក្ដីថ្លៃថ្នូររបស់ប្រទេសជាតិយើង។

* ទី២៖ សូមក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ អង្គការជាតិ អន្ដរជាតិ និងប្រព័ន្ធផ្សព្វផ្សាយនានា បន្ដអប់រំផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងកម្រិតនៃការពិន័យអន្ដរការណ៍ ចំពោះអំពើល្មើសទៅនឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ឲ្យបានទូលំទូលាយ និងជាប់ជាប្រចាំ។

* ទី៣៖ ខ្ញុំសូមដាក់ចេញនូវបទបញ្ជាដល់ថ្នាក់ដឹកនាំ និងមន្ដ្រីនគរបាលចរាចរណ៍ទូទាំងប្រទេស ត្រូវរឹតបន្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ប្រកបដោយភាពម៉ឺងម៉ាត់ ដាច់ខាត មិនយោគយល់ និងត្រូវអនុវត្តឲ្យបានត្រឹមត្រូវទៅតាមនីតិវិធីច្បាប់ នូវរាល់បទល្មើសចរាចរណ៍ផ្លូវគោក ប្រកបដោយតម្លាភាព ស្មើភាព និងមិនរើសអើង ហើយត្រូវសហការស្រាវជ្រាវតាមចាប់ខ្លួនជនបង្កគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដែលបានគេចខ្លួនយកមកផ្ដន្ទាទោសតាមច្បាប់ឲ្យបានជាដាច់ខាត។

* ទី៤៖ ថ្នាក់ដឹកនាំនគរបាលចរាចរណ៍ ត្រូវរៀបចំផែនការសកម្មភាព និងរៀបចំកម្លាំងដើម្បីតាមដាន ត្រួតពិនិត្យ និងគាំទ្រប្រតិបត្តិការអនុវត្តច្បាប់របស់ មន្ដ្រីនគរបាលចរាចរណ៍ ក្រោមឱវាទរបស់ខ្លួន ដើម្បីធានាអំពីភាពត្រឹមត្រូវ នៃការអនុវត្តច្បាប់របស់មន្ដ្រីនគរបាលចរាចរណ៍ទាំងអស់ ព្រមទាំងត្រូវពង្រឹង អាកប្បកិរិយា សីលធម៌ វិន័យ ឲ្យស័ក្ដិសមជាមន្ដ្រីអនុវត្តច្បាប់ប្រកបដោយគុណធម៌ និងមនសិកាវិជ្ជាជីវៈ។

ត្រូវផ្ដល់នូវប្រាក់រង្វាន់តាមការកំណត់របស់រដ្ឋ ជាមួយការលើកសរសើរចំពោះអង្គភាព និងមន្ដ្រីមានស្នាដៃ និងត្រូវដាក់វិន័យឲ្យបានម៉ឺងម៉ាត់ចំពោះមន្ដ្រីអសកម្ម ឬមន្ដ្រីដែលប្រព្រឹត្ដផ្ទុយពីក្រមសីលធម៌វិជ្ជាជីវៈ។

សម្ដេចក្រឡាហោម ស ខេង សង្ឃឹមជឿជាក់យ៉ាងមុតមាំថា ថ្នាក់ដឹកនាំ និងមន្ដ្រីនគរបាលចរាចរណ៍ផ្លូវគោកទូទាំងប្រទេស នឹងបន្ដយកអស់កម្លាំងកាយ ប្រាជ្ញា ស្មារតីខិតខំប្រឹងប្រែងបំពេញតួនាទី ភារកិច្ចក្នុងការរឹតបន្ដឹងការអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឲ្យបានជាអតិបរមា។

ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង ស្នើអ្នកប្រើប្រាស់ផ្លូវគ្រប់រូប និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមគោរពអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក ឲ្យបានម៉ឺងម៉ាត់ ដើម្បីរក្សាសណ្ដាប់ធ្នាប់ និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឲ្យបានកាន់តែល្អប្រសើរជាលំដាប់។

យោងតាមរបាយការណ៍បានបង្ហាញថា បើប្រៀបធៀបនឹងឆ្នាំ២០១៨ ក្នុងឆ្នាំ២០១៩កន្លងទៅនេះ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបានកើនឡើង ៨៥៤លើក ស្មើនឹង២៦ភាគរយ ក្នុងនោះអ្នកស្លាប់កើនឡើង ចំនួន២២០នាក់ ស្មើនឹង១២ភាគរយ និងអ្នករបួសកើនឡើងចំនួន ១,៣៧១នាក់ ស្មើនឹង២៩ភាគរយ៕