(កំពង់ឆ្នាំង)៖ ស្របតាមទីផ្សារមួយចំនួន មិនមានអាជីវករលក់ដូរ ដោយសារតែមានការភ័យខ្លាចចំពោះការរីករាលដាលនៃការឆ្លងជំងឺ COVID-19 នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា តម្លៃផលិតផលកសិកម្ម គ្មានសាធារតុគីមី (ផលិតផលសុវត្ថិភាព) ដែលតាំងលក់នៅក្នុងផ្សារសហគមន៍កសិកម្ម មិនមានការលក់តំឡើងថ្លៃ ឬក៏ កេងចំណេញពីប្រជាពលរដ្ឋនោះទេ ខណៈអាជីវករមួយចំនួន បានបិទទ្វារដោយសារតែការភ័យខ្លាចឆ្លងរាលដាល នៃជំងឺ COVID-19 រយៈពេលប៉ុន្មានថ្ងៃ ចុងក្រោយនេះ។

ប្រធានមន្ទីរកសិកម្មរូបនេះ បានថ្លែងថា នៅតាមទីផ្សារមួយចំនួន អាជីវករបានឆ្លៀតលក់តំឡើងថ្លៃទំនិញ ត្រីសាច់បន្លែ និងកសិផលផ្សេងៗទៀត តែចំពោះផ្សារសហគមន៍កសិកម្ម ក្រោមការផ្តួចផ្តើម បង្កើតឡើងដោយលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង លោកបានយកចិត្តទុកដាក់ ឱ្យសមាជិកសហគមន៍កសិកម្ម ក្នុងខេត្តកំពង់ឆ្នាំងទាំងអស់ កុំប្រើប្រាស់សារធាតុគីមីទៅ លើបន្លែត្រីសាច់ ឬផលិតផលកសិកម្មឱ្យសោះ ព្រោះវាប្រឈមទៅនឹងសុខមាលភាពរបស់ប្រជាពលរដ្ឋ។

លោក ងិន ហ៊ុន បានបន្តថា បានដោយឡែកតម្លៃកសិផល ក៏ដូចជាផលិតផលកសិកម្ម (សុវត្ថិភាព) គ្មានសារធាតុគីមីលក់ក្នុងផ្សារសហគមន៍ គឺមិនមានការតំឡើងថ្លៃនោះទេ ព្រោះមន្ទីរកសិកម្ម អាជ្ញាធរខេត្ត សហការជាមួយសហគមន៍កសិកម្ម នៅក្នុងខេត្តបានលក់តម្លៃធម្មតា ព្រោះការរក្សាតម្លៃឱ្យនៅថេរ គឺជាសកម្មភាពជួយដល់ជីវភាពប្រជាពលរដ្ឋ នៅក្នុងពេលជំងឺរាតត្បាតជាសកលនេះ កំពុងវាយលុកធ្វើ ឱ្យសេដ្ឋកិច្ចពិភពលោក មានការវឹកវរ។

លោកបានបន្ថែមទៀតថា ក្នុងនាមមន្ទីរកសិកម្ម លោកបានជំរុញឱ្យប្រជាកសិករនៅតាមបណ្តាសហគមន៍កសិកម្មទាំងអស់ ខិតខំដាំដុះបន្លែ ចិញ្ចឹមសត្វមាន់ ទា ជ្រូក គោ ត្រី ឱ្យបានច្រើនទ្វេរដង ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ របស់អតិថិជន តែដាច់ខាតផលិតផលកសិកម្មទាំងនោះ មិនឱ្យប្រើប្រាស់សារធាតុ ឬជីគីមីឡើយ។ ប្រសិនបើមន្ទីរកសិកម្មរកឃើញថា មានសហគមន៍ កសិកម្មណាមួយលួចប្រើ ប្រាស់សារធាតុគីមីនោះ មន្ទីរនឹងបញ្ឈប់សហគមន៍នោះភ្លាមតែម្តង ព្រោះសព្វថ្ងៃនេះបងប្អូនអតិថិជនកំពុងទុកចិត្តមកលើផ្សារសហគមន៍នេះ ដោយនាំគ្នាសម្រុកមកទិញបន្លែ ត្រីសាច់ សុវត្ថិភាពយ៉ាងច្រើនផងដែរ។

ដោយសារតែប្រទេសយើងស្ថិតក្នុងការការពារសុខភាពពីជំងឺ COVID-19 ទើបប្រជាពលរដ្ឋរឹតតែមានទំនុកចិត្តមកលើបន្លែត្រីសាច់ ដែលលក់នៅក្នុងផ្សារ សហគមកសិកម្ម ដែលមានទីតាំងនៅ ភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ដោយអតិថិជនចូលទិញជាហូរហែរមិនដាច់ ព្រោះថាពួកគាត់ម្នាក់ៗ មានទំនុកចិត្តខ្ពស់មកលើទីផ្សាររបស់យើង ហើយផលិតផល (សុវត្ថិភាព) ដែលយកមកដាក់លក់នៅទីនេះ បងប្អូនពិសាទៅ ពិតជាមានសុខមាលភាពដល់ក្រុមគ្រួសារផងដែរ៕