(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានចុះអនុស្សារណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុន មិត្តហ្វូន ដើម្បីសហការលើផ្នែកបច្ចេកវិទ្យាព័ត៌មាន ក្នុងវិស័យអប់រំ។

កិច្ចសហការ «បច្ចេកវិទ្យាព័ត៌មានក្នុងវិស័យអប់រំ» នេះជាការផ្ដល់អ៊ីនធើណិត និងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ នៅក្រសួងអប់រំយុវជន និងកីឡា និងសាលារៀន ដើម្បីជាផ្នែកមួយនៃការខឹតខំប្រឹងប្រែង ក្នុងការផ្លាស់ប្ដូរបរិបទការងារ និងការសិក្សាមកប្រព័ន្ធឌីជីថល រួមទាំងរដ្ឋាភិបាលអេឡិចត្រូនិក (eGovernment) ស្របតាមការវិវត្តនៃបច្ចេកវិទ្យា និងឧស្សាហកម្មជំនាន់ទី៤ផងដែរ។

ការចុះ MoU នេះបានធ្វើឡើងនៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ នៅទីស្តីការក្រសួងអប់រំយុវជន និងកីឡា (MoEYS) ដោយមានការចូលរួម ពីបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា។

កិច្ចសហការនេះជាភាពជោគជ័យមួយបន្ថែមទៀត នៃកម្មវិធីអ៊ីនធើណិតសម្រាប់សាលារៀន ដែលបានសហការអនុវត្តនាពេលកន្លងមក ក្នុងការផ្ដល់អ៊ីនធើណិតឥតគិតថ្លៃ ដល់គ្រឹះស្ថានសិក្សាសាធារណៈ គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ សាកលវិទ្យាល័យ និងអង្គភាពក្រោមឱវាទក្រសួងអប់រំយុវជន និងកីឡាផងដែរ។

ជាមួយនឹងបេសកកម្ម ក្នុងការរួមចំណែកលើកកម្ពស់គុណភាពអប់រំ នៅប្រទេសកម្ពុជាឲ្យកាន់តែប្រសើរឡើង ក្រសួងអប់រំយុវជន និងកីឡាសហការជាមួយក្រុមហ៊ុនមិត្តហ្វូនបានព្រមព្រៀងគ្នា ដើម្បីពង្រីកការផ្តល់សេវាអ៊ីនធើណិត ដល់សាលារៀនសាធារណៈ ចាប់ពីឆ្នាំ២០២០នេះតទៅ ដោយក្រោមគម្រោងឈ្មោះថា «អ៊ីនធើណិតសម្រាប់សាលារៀន» រហូតដល់ទៅ៣,០០០សាលារៀនទូទាំងប្រទេស និងគាំទ្រដល់ក្រសួងអប់រំយុវជន និងកីឡា ដើម្បីកសាងមជ្ឈមណ្ឌលទិន្នន័យ និងបណ្តាញហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា សម្រាប់រយៈពេល៥ឆ្នាំខាងមុខទៀត។

សម្រាប់គោលដៅនៃការកសាងសង្គមឌីជីថល ជាពិសេសប្រព័ន្ធអប់រំឆ្លាតវៃក្រុមហ៊ុនមិត្តហ្វូន នឹងសហការជាមួយក្រសួងអប់រំយុវជន និងកីឡា ដើម្បីអនុវត្តដំណោះស្រាយបច្ចេកវិទ្យាក្នុងវិស័យអប់រំរួមមាន៖

* ការដាក់ពង្រាយប្រព័ន្ធគ្រប់គ្រងព័ត៌មានអប់រំ (EMIS), ប្រព័ន្ធគ្រប់គ្រងព័ត៌មានសិស្ស (កម្រិតមត្តេយ្យបឋមសិក្សាអនុវិទ្យាល័យ និងវិទ្យាល័យ), ការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិកសៀវភៅអេឡិចត្រូនិក ប្រព័ន្ធ e-Government, និងប្រព័ន្ធឌីជីថលផ្សេងៗទៀតក្នុងការដោះស្រាយនានាជាច្រើនទៀតផងដែរ។

* ការអនុវត្តវគ្គបណ្តុះបណ្តាល និងសិក្ខាសាលានៅថ្នាក់ក្រសួង និងតាមបណ្តារាជធានី-ខេត្តនានា លើការប្រើប្រាស់ប្រព័ន្ធឌីជីថលបម្រើរដ្ឋបាលអប់រំ និងការសិក្សា។

* ផ្តល់ជូនការប្រើប្រាស់ទិន្នន័យដោយឥតគិតថ្លៃ រហូតដល់បំណាច់ឆ្នាំ២០២០ សម្រាប់សិស្សានុសិស្សទាំងអស់ ដែលបានចូលទៅកាន់គេហទំព័រ eLearning
រួមទាំងកម្មវិធី WiKi TV និងគេហទំព័រ eLearning របស់ក្រសួងអប់រំយុវជន និងកីឡា។ ដោយឡែកមិត្តហ្វូនក៏បានផ្តល់ការបញ្ចុះតម្លៃអ៊ីនធឺណិត៥០ភាគរយ សម្រាប់ការភ្ជាប់លើកដំបូងដល់គ្រូ និងអាណាព្យាបាលសិស្សទូទាំងប្រទេស ដែលបានភ្ជាប់អ៊ីនធឺណិតចាប់ពីខែមីនា ឆ្នាំ២០២០ បន្ទាប់ពីសាលាទាំងអស់ត្រូវបានបិទ ដោយសារតែវីរុសកូវីដ១៩។

លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា បានគូសបញ្ជាក់ថា សារៈសំខាន់នៃគម្រោងនេះ ដើម្បីការគាំទ្រការអប់រំបែបឌីជីថល និងរួមចំណែកក្នុងការកែលម្អគុណភាព និងការលើកកម្ពស់ចំណេះដឹង និងជំនាញបច្ចេកវិទ្យាព័ត៌មាន សម្រាប់សិស្សនិស្សិតនៅកម្ពុជា មួយវិញទៀតការសហការជាមួយក្រុមហ៊ុនមិត្តហ្វូន ជាដៃគូយុទ្ធសាស្ត្ររយៈពេលវែងនេះ គឺដើម្បីលើកកម្ពស់ការអភិវឌ្ឍបច្ចេកវិទ្យាទូរគមនាគមន៍ និងព័ត៌មាននៅក្រសួងអប់រំយុវជន និងកីឡា និងសាលារៀនទាំងអស់របស់ខ្លួនផងដែរ។

លោក ហ្វុង វ៉ាន់គឿង អគ្គនាយកក្រុមហ៊ុនមិត្តហ្វូន បានគូសបញ្ជាក់ថា គម្រោងនេះ គឺជាកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងគ្រប់កម្រិតរវាងក្រសួងអប់រំ និងក្រុមហ៊ុនមិត្តហ្វូន និងជាពិសេសរវាងនាយកដ្ឋានអប់រំ ក្រោមក្រសួងជាមួយសាខាមិត្តហ្វូន២៥/២៥ខេត្តក្រុងទូទាំងប្រទេស។

លោកបន្តថា គម្រោងមួយនេះគឺជាការចាប់ផ្តើមនៃការប្រើប្រាស់ចំណេះដឹង និងជំនាញព័ត៌មានវិទ្យារបស់ពួកគេ ដើម្បីត្រួសត្រាយផ្លូវឆ្ពោះទៅអនាគតនៃប្រទេសកម្ពុជា សិស្សានុសិស្សជិត១លាននាក់ និងគ្រូបង្រៀនរួមទាំងបុគ្គលិកអប់រំប្រមាណ១សែននាក់ នឹងទទួលបានអត្ថប្រយោជន៍ពីកម្មវិធីនេះ ហើយសន្យាថានឹងធ្វើឲ្យមានភាពលេចធ្លោយ៉ាងសំខាន់ ក្នុងចំណោមយុវជនទាំងអស់៕