(ភ្នំពេញ)៖ ដើម្បីធានាដល់ការផ្តល់ព័ត៌មានចាំបាច់នានាដល់កម្មករ និយោជិត ស្របពេលដែលមានការផ្ទុះឡើងនូវការរីករាលដាលនៃជំងឺកូវីដ១៩នោះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងមួយ ឱ្យរោងចក្រ សហគ្រាស ក្រុមហ៊ុន និងសណ្ឋាគារទាំងអស់ ធ្វើបច្ចុប្បន្នភាពលេខទូរស័ព្ទរបស់ កម្មករ និយោជិតរបស់ខ្លួន។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

សម្រាប់កម្មករ និយោជិតវិញ ក្រសួងតម្រូវឱ្យផ្តល់លេខទំនាក់ទំនង១ខ្សែ ទៅអ្នកទទួលបន្ទុករដ្ឋបាល ក្រុមហ៊ុន រោងចក្រ និងសណ្ឋាគារ ដែលខ្លួនកំពុងធ្វើការ ដោយសរសេរឱ្យបានច្បាស់ៗ និងត្រឹមត្រូវ ដើម្បីឱ្យអ្នកទទួលបន្ទុករដ្ឋបាល ធ្វើបច្ចុប្បន្នភាពតារាងបញ្ជីឈ្មោះ និងប្រគល់ឱ្យអធិការការងារមុនថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ ហើយត្រូវរក្សាលេខទូរស័ព្ទនោះ ជាដាច់ខាតក្នុងអំឡុងខែមីនា មេសា និងឧសភា ឆ្នាំ២០២០។ ក្រោយខែឧសភា ប្រសិនជាមានការផ្លាស់ប្តូរ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សដល់អ្នកទទួលបន្ទុករដ្ឋបាលជាបន្ទាន់។

ដោយឡែកចំពោះ ម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស និងសណ្ឋាការទាំងឡាយ ដែលខកខានក្នុងការចាត់ចែងការងារធ្វើបច្ចុប្បន្នភាពលេខទូរស័ព្ទទំនាក់ទំនងរបស់ កម្មករ និយោជិត ត្រូវទទួលការពិន័យទៅតាមច្បាប់ ស្តីពីការងារដោយអធិការការងារ និងត្រូវទទួលទោសទណ្ឌផ្សេងៗទៀតតាមច្បាប់ជាធរមាន៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងការងារ៖