(ឧត្តរមានជ័យ)៖ ប្រជាពលរដ្ឋខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃ តាមច្រកអន្តរជាតិអូរស្មាច់ ស្ថិតក្នុងសង្កាត់អូស្មាច់ ក្រុងសំរោងជិត ៤០០នាក់ ត្រូវបានធ្វើការត្រួតពិនិត្យ តែរកពុំឃើញមានប្រជាពលរដ្ឋណាម្នាក់សង្ស័យ និងមានរោគសញ្ញាមានជំងឺ COVID-19 នោះទេ។

លោកវេជ្ជបណ្ឌិត ឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះថា «គិតត្រឹមម៉ោង ៣៖៤០នាទីថ្ងៃនេះ ប្រជាពលរដ្ឋខ្មែរ ៣៤៩នាក់ ក្នុងនោះមានស្រី ១៧០នាក់ ដែលត្រឡប់មកពីប្រទេសថៃ តាមច្រកអន្តរជាតិអូស្មាច់ ត្រូវបានធ្វើការត្រួតពិនិត្យ តែរកមិនឃើញមានពលរដ្ឋណាម្នាក់ សង្ស័យមានផ្ទុកជំងឺកូវីដ១៩ទេ។

លោក ឃ្លោក ហួត បានថ្លែងបញ្ជាក់ទៀតថា ក្នុងចំណោមប្រជាពលរដ្ឋខ្មែរ ៣៤៩នាក់ ដែលបានធ្វើការត្រួតពិនិត្យនោះ មាន ១១២នាក់ រស់នៅក្នុងខេត្តឧត្តរមានជ័យ ក្នុងនោះមានស្រី ៦៦នាក់ផងដែរ ក្រៅពីនោះគឺរស់នៅតាមបណ្តាខេត្តផ្សេងៗ។

លោកបញ្ជាក់ទៀតថា «សកម្មភាពត្រួតពិនិត្យក្នុងឱកាសនោះ យើងបានធ្វើការសួរនាំ ក៏ដូចជាការវាស់កំដៅ តែមិនមានអ្នកណាមួយសង្ស័យថា មានជំងឺកូវីដ១៩ទេ និងបានចែកសេចក្តីណែនាំ ពីការដាក់ខ្លួនដាច់ដោយឡែកចំនួន ១៤ថ្ងៃ ពេលទៅដល់លំនៅដ្ឋានវិញ»

ជាមួយគ្នានោះលោកវេជ្ជបណ្ឌិត ឃ្លោក ហួត បានថ្លែងបញ្ជាក់ថា គណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ខេត្ត បានបើកកិច្ចប្រជុំមួយក្រោមវត្តមានលោក ប៉ែន កុសល្យ អភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធជំងឺកូវីដ១៩ខេត្ត បានសម្រេចយកទីតាំងវិទ្យាល័យតេជោ ហ៊ុន សែន ធ្វើជាទីតាំងសម្រាប់ដាក់បំរុងនៅពេលមានហានិភយ័ណាមួយកើតឡើងមានជំងឺកូវីត១៩ ដោយពេលនេះយើងបានរៀបចំគ្រែ និងសម្ភារមួយចំនួនហើយ លោកបានបញ្ជាក់ទៀតថា សម្រាប់ខេត្តឧត្តរមានជ័យរហូតមកដល់ល្ងាចថ្ងៃនេះ គឺមិនទាន់មាននណាម្នាក់មានជំងឺកូវីត១៩ទេ៕