(ស្វាយរៀង)៖ នារសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ព្រះសង្ឃក្នុងវត្តទាំង២៤៤ ក្នុងខេត្តស្វាយរៀង បានប្រារព្ធពិធីចម្រើនព្រះបរិត្ត និងស្គរ ដើម្បីកម្ចាត់បង់រោគភ័យចង្រៃ និងសូមសេចក្តីជូនថ្នាក់ដឹកនាំ ប្រជាពលរដ្ឋទូទាំងប្រទេស។

លោក ទីវ សុភា ប្រធានមន្ទីធម្មការ និងសាសនាខេត្តស្វាយរៀង បានឲ្យដឹងថា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយ និងទប់ស្កាត់ COVID-19 ដែលកំពុងរីករាលដាល ទូទាំងសកលលោក ជាពិសេសគឺតម្លៃរបស់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ, គណៈសង្ឃធម្មយុត្តិកនិកាយ និងគណៈសង្ឃមហានិកាយព្រះពុទ្ធសាសនាកម្ពុជា ព្រមទាំងគ្រប់ទីអារាម គណៈធម្មយុត្តិកនិកាយទូទាំងប្រទេស នឹងរៀបចំពិធីសូត្រព្រះបរិត្ត ដែលជាគាថាធម៌របស់ ព្រះសម្មាសម្ពុទ្ធ និងពិធីសាសនាផ្សេងៗទៀតនៅថ្ងៃអង្គារ៍ ទី២៤ ខែមីនា ឆ្នាំ២០២០ ដើម្បីបញ្ជៀសគ្រោះកាចចង្រៃនានាចេញពីប្រទេស និងប្រជាជនកម្ពុជា។

ក្នុងនោះសម្តេចព្រះអភិសេរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានចេញនូវព្រះរាជសារ ណែនាំឲ្យគ្រប់វត្តអារាម ក៏ដូចជាពុទ្ធបរិស័ទទូទាំងប្រទេស ចូលរួមប្រារព្ធនូវកិច្ចតាមបែបព្រះពុទ្ធសាសនា ព្រមទាំងរក្សាខ្ជាប់នូវអនាម័យជាប្រចាំដូចជាការលាងដៃ ការសម្អាតបរិស្ថានជុំវិញខ្លួន ការពាក់ម៉ាស ការស្វែងយល់ពីជំងឺ COVID-19 នេះ តាមរយៈវិទ្យុ ទូរទស្សន៍ និងប្រពន្ធផ្សព្វផ្សាយរបស់រដ្ឋ៕