(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ បានចេញសេចក្ដីអំពាវនាវមួយ កុំឲ្យប្រជាពលរដ្ឋទូទាំងប្រទេសមានការភ័យស្លន់ស្លោ និងអនុវត្តតាមវិធីណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារ ទប់ស្កាត់ការរីករាលដាលជំងឺ COVID-19 នៅក្នុងប្រទេសកម្ពុជា។

ការចេញសេចក្ដីអំពាវនាវរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បន្ទាប់សង្កេតឃើញថា ប្រជាពលរដ្ឋកម្ពុជាមួយចំនួនតូច ហាក់បីដូចជាមានការភ័យខ្លាច ស្លន់ស្លោ រហូតដល់មានការយល់ច្រឡំខុសអំពីអាការៈជំងឺផ្សេងៗ ដូចជា ជំងឺផ្តាសាយធម្មតា ផ្តាសាយធំ ជំងឺរលាកសួតធម្មតា ជំងឺរលាកផ្លូវដង្ហើម និងអាការៈ នៃជំងឺផ្សេងៗទៀត ទៅនឹងអាការៈនៃវីរុស COVID-19 រហូតដល់មានការសម្រុកមកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅរាជធានីភ្នំពេញ និងមន្ទីរពេទ្យបង្អែក តាមបណ្ដាខេត្តមួយចំនួនច្រើនហួសពីការរំពឹងទុក។

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សូមអំពាវនាវដល់ប្រជាពលរដ្ឋ គប្បីងាកទៅប្រើប្រាស់មូលដ្ឋានសុខាភិបាល ដូចជា មណ្ឌលសុខភាពដែលនៅជិតផ្ទះ និងបន្តអនុវត្តនូវវិធានការប្រុងប្រយ័ត្ន និងរក្សាអនាម័យខ្ពស់ ដើម្បីកាត់បន្ថយការប៉ះពាល់ និងការចម្លងជំងឺមួយចំនួន ដោយប្រកាន់ខ្ជាប់ការរស់នៅ ប្រកបដោយអនាម័យស្អាត លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ជេល ឬអាល់កុល ខ្ទប់មាត់ និងច្រមុះនៅពេលក្អក ឬកណ្តាស់ ដោយប្រើម៉ាស់ ឬកន្សែងដៃ ឬក្រម៉ា ឬក្រដាសជូតមាត់ រួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ និងជៀសវាងទាក់ទងជិតស្និទ្ធជាមួយបុគ្គល ដែលមានរោគសញ្ញាផ្លូវដង្ហើម ដូចជាក្អក និងកណ្តាស់ញឹកញាប់ជាដើម ដែលជាអាការៈសង្ស័យនៃការឆ្លងវីរុស COVID-19។

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សូមថ្លែងអំណរគុណ ដល់អាជ្ញាធរ និងមន្រ្ដីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ក៏ដូចជាប្រជាពលរដ្ឋជនរួមជាតិទាំងអស់ ក្នុងកិច្ចរួមគ្នាដោយស្មារតីខ្ពស់ កុំមានការបារម្ភ ឬស្លន់ស្លោខ្លាំងហួសហេតុ ខណៈករណីឆ្លងវីរុស COVID-19 នៅកម្ពុជា ស្ថិតក្នុងស្ថានភាពអាចគ្រប់គ្រងបាននៅឡើយ ហើយករណីទាំងនេះ ក៏នឹងអាចត្រូវបានព្យាបាលជាសះស្បើយទៅវិញដែរ៕