(កណ្ដាល)៖ ដើម្បីទប់ស្កាត់វីរុស COVID-19 អភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ បានបញ្ជាដល់មន្ត្រីមូលដ្ឋានទាំងអស់ ទូទាំងខេត្តកណ្ដាល ត្រូវអញ្ជើញពលករ ឲ្យស្នាក់នៅដាច់ដោយឡែកសិន ដើម្បីពិនិត្យមើលថា ពួកគាត់មានផ្ទុកវីរុស COVID-19ឬទេ?។

លោកអភិបាលខេត្ត បានថ្លែងយ៉ាងដូច្នេះ នៅក្នុងកិច្ចប្រជុំស្ដីពីការចាត់វិធានការ ទប់ស្កាត់ជំងឺ COVID-19 និងវិធានការ ចំពោះប្រជាពលរដ្ឋ ដែលបានត្រឡប់មកពីប្រទេសថៃ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ ដែលមានវត្តមានចូលរួមពីកងកម្លាំងទាំង៣ អភិបាលស្រុក ក្រុង និងមន្ទីរអង្គភាពជុំវិញខេត្ត សរុប៩០នាក់ ។

លោកអភិបាលខេត្ត គង់ សោភ័ណ្ឌ បានស្នើឲ្យមន្ត្រីជំនាញ និងលោកអភិបាលក្រុង ស្រុក ពិសេសអាជ្ញាធរ ភូមិ ឃុំ ត្រូវមានវិធានការដូចជា៖

* កំណត់ចំនួនពលករ ទើបចូលមកពីប្រទេសថៃ ឲ្យបានជាក់លាក់ តាមភូមិ ឃុំ ស្រុកនីមួយៗ។
* ដាក់ពួកគាត់ឲ្យនៅដាច់ដោយឡែកចំនួន ១៤ថ្ងៃ ដោយមិនត្រូវឲ្យពួកគាត់ នៅជិតឬស្និតស្នាលជាមួយ ក្រុមគ្រួសារ ឬអ្នកជិតខាងឡើយ ដើម្បីបញ្ជៀសការឆ្លង ទៅក្រុមគ្រួសារ ឬអ្នកជិតខាង។
* បើមានការសង្ស័យ ត្រូវនាំគាត់ទៅពិនិត្យ និងព្យាបាលជាបន្ទាន់។

លោកអភិបាលខេត្ត ក៏បានបញ្ជាក់បន្ថែមទៀតថា ខេត្តកណ្តាល គ្រោងយកសាលារៀនចំនួន ២កន្លែង ដើម្បីត្រៀមក្នុងករណី មានការឆ្លងធ្ងន់ធ្ងរ សំរាប់ជាកន្លែងដាក់ និងព្យាបាលអ្នកជំងឺ COVID-១៩ ក្នុងខេត្តកណ្តាល។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានជំរុញឲ្យមន្ទីរអង្គភាពពាក់ព័ន្ធ និងអភិបាលក្រុង ស្រុក ត្រូវបន្តចុះអប់រំ និងផ្សព្ធផ្សាយ ជាលក្ខណៈយុទ្ធនាការជាប្រចាំ ក្នុង មូលដ្ឋានភូមិ ឃុំ ស្រុករបស់ខ្លួន នៅវិធីសាស្ត្រការធ្វើអនាម័យ ឲ្យបានញឹកញាប់ កុំមានការប្រមូលផ្ដំគ្នា ចេញក្រៅពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ និងការបង្ការ នៃការឆ្លង COVID-19 នេះ ហើយស្រុក ក្រុង ត្រូវរៀបចំបង្កើតគណៈកម្មការ ក្នុងការចាត់តាំងអនុវត្ត ឲ្យបានច្បាស់លាស់ ក្នុងការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩នេះ៕