(កណ្ដាល)៖ អ្នកក្រុងតាខ្មៅជាច្រើននាក់ បានរអ៊ូរទាំពីបញ្ហាបរិស្ថានមិនស្អាត លើផ្លូវជាតិលេខ២១ ដោយសារសំបូរទៅដោយគ្រួស ដី ខ្សាច់ ដែលបង្កឡើង ដោយក្រុម ឡានដឹកគ្មានបច្ចេកទេស ខណៈក្រុងតាខ្មៅ ត្រូវបានបំផ្លេចបំផ្លាញកិត្តិយស ជាទីក្រុងស្អាតអាស៊ាន ដោយសារអាជ្ញាធរក្រុងតាខ្មៅ ពុំបានរវីរវល់នឹងបញ្ហានេះ។

អ្នកមានចំណេះដឹង រស់នៅក្រុងតាខ្មៅ បានពោលថា លោកចៅហ្វាយក្រុង ឈ្មោះ នូ សុវណ្ណារ៉ា មិនដឹងជារវល់អ្វីទេសព្វថ្ងៃនេះ ទើបបានជាផ្លូវដែលល្អស្អាត បែរជាពោរពេញ ទៅដោយគ្រួស ដី ខ្សាច់ នៅលើផ្លូវជាតិទៅវិញ ដែលនេះសបញ្ជាក់ពីការមិនសូវអើពើ យកចិត្តទុកដាក់ នូវតួនាទីកាតព្វកិច្ចរបស់ខ្លួននោះឡើយ ហើយស្ដាយឈ្មោះទីក្រុងស្អាតអាស៊ាននឹងគេដែរ តែហុយជារៀងរាល់ថ្ងៃ។

ពលរដ្ឋ បានគូសបញ្ជាក់ថា ជារៀងរាល់ថ្ងៃ គេសង្កេតឃើញសំបូរក្រុមឡានដឹកដី គ្រួស ថ្ម ខ្សាច់ ចរាចរណ៍មិនលោះថ្ងៃនោះទេ ដោយខ្លះហូរហៀរ កំពប់លើថ្នល់ ខ្លះវិញមិនមានការវេចខ្ចប់ ខ្លះបើកលឿនអាងថាខ្លួនធំ ខ្លះវិញចុចស៊ីផ្លេខ្យល់ម្ដងៗ លាន់ស្ទើរគាំងបេះដូង និងបញ្ហាជាច្រើនផ្សេងទៀតរាប់មិនអស់ ដែលនេះជាផលមួយ នៃការមិនចេះគ្រប់គ្រងរបស់ចៅហ្វាយក្រុង និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់។

គួរជម្រាបជូនថា កន្លងទៅ គេសង្កេតឃើញយូរៗម្ដង ឃើញខាងមន្ទីរសាធារណៈការ សហការជាមួយនគរបាល យកឡានពន្លត់អគ្គិភ័យបាញ់ទឹកលាងផ្លូវម្ដង ព្រោះហុយ កកដីក្ដាំងខ្លាំងពេក ដែលបង្ករបញ្ហាដល់អ្នកធ្វើដំណើរតាមកង់ ម៉ូតូ រីឯខាងអាជ្ញាធរខេត្តវិញ គេឃើញលោក នៃ ចារី អភិបាករងខេត្ត ចុះព្រមានក្រុមឡាន ដឹកទាំងអស់ ព្រមានម្ចាស់ដេប៉ូពីបញ្ហាពាក់ព័ន្ធជាដើម ប៉ុន្តែអ្វីដែលពលរដ្ឋចង់បានបំផុត គឺសមត្ថភាពពិតមួយ នៃលោកចៅហ្វាក្រុងតាខ្មៅឈ្មោះ នូ សុវណ្ណារ៉ា ចេះធ្វើការឲ្យមានប្រសិទ្ធភាព និងកណ្ដាប់ដៃដែករបស់អភិបាលខេត្ត ទើបឡើងថ្មីគឺលោក គង់ សោភ័ណ្ឌ។

បើតាមការលួចខ្សឹបប្រាប់ ពីមនុស្សដឹងរឿងច្បាស់ បានបង្ហើបថា ក្រុមឡានបង្កទាំងនោះ មិនសូវខ្វល់អីប៉ុន្មានទេ ដោយសារមេរបស់ពួកគេសុទ្ធតែជាមន្ត្រីគ្រាក់ៗ អ្នករកស៊ីធំៗមានអំណាច ហើយបង់ជាកញ្ចប់ដល់មនុស្សមួយចំនួនផងដែរ ជាថ្នូរនឹងភាពរលូនល្អនៃអាជីវកម្មរបស់ពួកគេ បើទោះបីជាប៉ះពាល់បរិស្ថាន គ្រោះថ្នាក់ដល់ពលរដ្ឋយ៉ាងណាក្ដី៕