(ភ្នំពេញ)៖ ធនាគារឯកទេសវីង (Wing) ដែលជាអ្នកផ្តល់សេវាធនាគារចល័តឈានមុខគេនៅកម្ពុជា និងសម័្ពន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នា អំពីកិច្ចព្រមព្រៀងភាពជាដៃគូថ្មី ដើម្បីផ្តល់នូវមធ្យោបាយ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុកាន់តែប្រសើរឡើង ដល់សមាជិកខ្លួន តាមរយៈដំណោះស្រាយហិរញ្ញវត្ថុឌីជីថលរបស់វីង។

តាមរយៈភាពជាដៃគូនេះ សមាជិករបស់សម័្ពន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា នឹងអាចទទួលបានបទពិសោធន៍ជាមួយផលិតផល និងសេវាកម្មរបស់វីង ដែលប្រកបទៅដោយភាពច្នៃប្រឌិត ហើយត្រូវបានរៀបចំឡើងជាពិសេស សម្រាប់អតិថិជនសហគ្រាសខ្នាតមីក្រូ តូចនិងមធ្យម ព្រមទាំងអតិថិជនសហគ្រាសខ្នាតតូច និងមធ្យម ដោយផ្តល់ជូនពួកគេនូវភាពងាយស្រួល ក្នុងការគ្រប់គ្រងអាជីវកម្មប្រចាំថ្ងៃ ទាំងតាមប្រព័ន្ធអ៊ីនធឺណិត និងក្រៅប្រព័ន្ធអ៊ីនធឺណិត តាមរយៈការប្រើប្រាស់ប្រព័ន្ធអេកូឡូស៊ីដ៏រឹងមាំ និងបណ្តាញភ្នាក់ងារវីងជាង ៧,៥០០កន្លែងទូទាំងប្រទេស។

ឧកញ៉ា តែ តាំងប៉ ប្រធានសម័្ពន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានថ្លែងថា «ខ្ញុំជឿជាក់ថា ភាពជាដៃគូនេះ នឹងនាំមកនូវបច្ចេកវិទ្យាឈានមុខគេ នៃសេវាកម្មហិរញ្ញវត្ថុឌីជីថលរបស់វីង ដែលផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន ដល់សមាជិក ដើម្បីពង្រីកអាជីវកម្មរបស់ពួកគេ និងធ្វើសមាហរណកម្មនៅក្នុងតំបន់ ខណៈពេលដែលប្រទេសកម្ពុជា ក៏ដូចជាប្រទេសជាច្រើនទៀត កំពុងឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល នាពេលដ៏ឆាប់ខាងមុខនេះ»

ដោយត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១០ សម័្ពន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា គឺជាបណ្តុំនៃអាជីវកម្មធុនតូច មធ្យមនៅកម្ពុជា មានសមាជិកជាង៣០០ ដែលជាម្ចាស់ នៃក្រុមហ៊ុនជំនួញផ្សេងៗជាច្រើន នៅទូទាំងប្រទេសកម្ពុជា។ សហព័ន្ធនេះ ត្រូវបានបង្កើតឡើង ក្នុងគោលបំណងជំរុញកំណើនសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា តាមរយៈការធ្វើសមាហរណកម្មទីផ្សារក្នុងតំបន់ ក៏ដូចជាទីផ្សារសកល។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត បានថ្លែងថា «សហគ្រាសធុនតូច និងមធ្យម បានរួមចំណែកយ៉ាងសំខាន់ ចំពោះភាពរឹងមាំ និងស្ថេរភាពនៃសេដ្ឋកិច្ចរបស់កម្ពុជា។ យើងបានយល់ដឹងយ៉ាងច្បាស់ នូវបញ្ហាប្រឈមរបស់សហគ្រាសខ្នាតមីក្រូ តូចនិងមធ្យម ក៏ដូចជាសហគ្រាសធុនតូច និងមធ្យម ដែលកំពុងតែជួបប្រទះ ចំពោះការគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគេ ហេតុដូចច្នេះហើយ យើងបានផ្តួចផ្តើមគំនិតថ្មីៗ ដែលជាដំណោះស្រាយដ៏ល្អក្នុងការដោះបន្ទុកទាំងនេះ ដើម្បីឲ្យពួកគេអាចផ្តោតលើការការពង្រីកអាជីវកម្មជាងមុន»

វីង បានផ្តល់ជូននូវផលិតផល និងសេវាកម្មប្រកបដោយភាពច្នៃប្រឌិត ដែលមានប្រសិទ្ធផល និងប្រសិទ្ធភាព ក្នុងការគ្រប់គ្រងប្រតិបត្តិការ អាជីវកម្មរបស់សហគ្រាស ធុនតូច និងមធ្យម ប្រកបភាពងាយស្រួល និងមានការធានា។ ផលិតផលនិងសេវាកម្មទាំងនេះ រួមមាន៖ សេវាកម្មបើកប្រាក់បៀវត្ស ដែលមានភាពងាយស្រួលនិងរហ័ស សេវាទូទាត់វិក្កយបត្រ សេវាទូទាត់ចំណាយតាមអនឡាយ ជាមួយនឹងដំណោះស្រាយ នៃការទូទាត់ផ្សេងៗទៀត តាមរយៈកម្មវិធីស្មាតហ្វូនវីង ដែលបានផ្តល់ឲ្យពួកគេ នូវជម្រើសហិរញ្ញវត្ថុកាន់តែអស្ចារ្យជាងមុន។

ក្នុងនាមជាក្រុមហ៊ុនផ្តល់សេវាធនាគារចល័តឈានមុខគេមួយនៅកម្ពុជា ឥឡូវនេះ វីងគឺជាស្លាកយីហោមួយ ដែលត្រូវបានទទួលស្គាល់និងទុកចិត្តបំផុត ក្នុងការផ្តល់ជូនសេវាកម្ម ទូទាត់ប្រាក់តាមទូរស័ព្ទចល័ត និងអេឡិចត្រូនិច ហើយបានចាប់ដៃគូ ជាមួយពាណិជ្ជករជាង៤ម៉ឺនក្រុមហ៊ុន និងបានសហការជាមួយ Mastercard, Western Union, MoneyGram, Wechat, និង Alipay ជាដើម៕