(ភ្នំពេញ)៖ ស្ត្រីខ្មែរវ័យ៦៥ឆ្នាំម្នាក់បានស្លាប់ដោយសារជំងឺ Covid-19 នៅសហរដ្ឋអាមេរិក នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០។

ស្ត្រីខ្មែរដែលស្លាប់នេះមានឈ្មោះ នុត ឈុនហ៊ាង ជាម្តាយរបស់លោក សុង សារ៉ន ដែលជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងជាប្រធានក្រុមហ៊ុននាំចេញអង្ករ Amru Rice។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ លោក សុង សារ៉ន បានបញ្ជាក់ទាំងទុក្ខព្រួយថា ម្តាយរបស់លោកបានទៅរស់ នៅសហរដ្ឋអាមេរិក រយៈពេល២ឆ្នាំមកហើយ នៅទីក្រុង Seattle រដ្ឋ Washington State ហើយម្តាយរបស់លោក ទើបតែត្រឡប់ពីការមកលេងស្រុកកំណើត កាលពីខែកុម្ភៈ ឆ្នាំ២០២០ ទៅអាមេរិកវិញ ក៏ជួបរឿងអកុសលបែបនេះ។

លោក សុង សារ៉ន បានបញ្ជាក់ទៀតថា ដោយសារតែការរីករាលដាលជំងឺដ៏កាចសាហាវនេះ នៅជុំវិញពិភពលោក លោកនិងក្រុមគ្រួសារមិនអាច ទៅបុណ្យសពម្តាយនៅអាមេរិកបានទេ បានត្រឹមធ្វើបុណ្យតាមបែបសាសនា នៅស្រុកកំណើត ខណៈដែលនៅសហរដ្ឋអាមេរិកក៏ដូច្នេះដែរ ការធ្វើបុណ្យត្រូវបានរៀបចំឡើងដោយកំណត់ចំនួនមនុស្ស។

ជាមួយនឹងទុក្ខដ៏ក្រៀមក្រំនេះលោក សុង សារ៉ន បានអំពាវនាវដល់ប្រជាពលខ្មែរទាំងក្នុង និងក្រៅប្រទេស សូមថែរក្សាសុខភាពឲ្យបានល្អ និងអនុវត្តន៍ទៅតាមវិធានណែនាំ របស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ដើម្បីជៀសឲ្យផុតពីជំងឺ Covid-19 នេះ៕