(ប៉ៃលិន)៖ ជារៀងរាល់ថ្ងៃទី៣ នៃខែនីមួយៗ ប្រាក់មូលនិធិជួយចាស់ជរារបស់ក្រុមការងារគណបក្សប្រជាជនកម្ពុជា ដែលមានលោក អ៊ី ឈាន និង លោកស្រី បាន ស្រីមុំ អ្នកតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជាមណ្ឌលប៉ៃលិន ជាប្រធានមូលនិធិ តែងបាននាំយកទៅជូន ចាស់ជរានៅក្នុងខេត្តប៉ៃលិន។

នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៦នេះ ថវិកាប្រមាណ ១៦លានរៀលទៀតហើយ ត្រូវបានក្រុមការងារគណបក្សប្រជាជនកម្ពុជា យកទៅប្រគល់ជូនចាស់ជនចាស់ជរា ១៦០នាក់ ក្នុងនោះចាស់ជរាម្នាក់ៗ ទទួលបាន ១០ម៉ឺនរៀល។

ក្នុងឱកាសប្រគល់ថវិកាជូនចាស់ជរានេះ ក្រុមការងារ បានរំលឹកពីក្តីនឹករលឹក និង ផ្តាំផ្ញើសាកសួរសុខ ទុក្ខពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់ចាស់ជរាទាំងអស់ និង ជូនពរឆ្នាំថ្មីនេះ ឲ្យចាស់ ជរាមានសុខភាព ល្អបរិបូរណ៍ និង មានអាយុយឺនយូរផងដែរ។

ក្នុងឱកាសបើកប្រាក់ឧបត្ថម្ភនេះដែរ ចំពោះលោកយាយ លោកតា មានបញ្ហាត្រចៀកស្តាប់មិនសូវឮ ក្រុមការងារបានឧបត្ថម្ភ និង បំពាក់ គ្រឿងស្រូបសម្លេងជូន។

សូមបញ្ជាក់ថា លោក អ៊ី ឈាន និងលោកស្រី បាន ស្រីមុំ បានរៀបចំបង្កើតមូលនិធិជួយដល់ចាស់ជរាក្នុងខេត្តប៉ៃលិននេះឡើង ដើម្បី ទ្រទ្រង់ដល់ជីវភាព សុខភាព ក្នុងការរស់របស់លោកយាយ លោកតា ស្របតាមគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក្នុងការលើកកម្ពស់ និងយកចិត្តទុកដាក់ដល់ចាស់ជរា ជនពិការ និង កុមារកំព្រារ៕

Advertising