(ភ្នំពេញ)៖ កងកម្លាំងវិស្វកម្មលេខ៦៣៩ ចំនួន ១៨៤នាក់ ដែលបានចេញទៅបំពេញការងារនៅប្រទេសលីបង់ កាលពីខែមករា ឆ្នាំ ២០១៥ បានត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ នៅរសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៦នេះ។

ដំណើរនិវត្តន៍របស់កងកម្លាំងវិស្វកម្មរបស់កម្ពុជាទាំង ១៨៤នាក់នេះ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ពីអគ្គនាយកមជ្ឈមណ្ឌល ជាតិ គ្រប់គ្រងកងកម្លាំង រក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្រ្គាម ព្រមទាំងក្រុមគ្រួសារ និងសាច់ញាតិរបស់ពួកគេ។

សូមបញ្ជាក់ការវិលត្រឡប់របស់កងកម្លាំងនៅថ្ងៃនេះធ្វើឡើង បន្ទាប់កម្ពុជា បានបញ្ជូនកងកម្លាំង ១៨៤នាក់ ទៅជំនួសពួកគេ កាលពីថ្ងៃ ទី០២ ខែមករា ឆ្នាំ២០១៦នេះ។

សូមបញ្ជាក់ថា ឆ្នាំ២០១៦ គឺជាឆ្នាំទី១០ ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានចុះហត្ថលេខាបញ្ជូនកងកម្លាំង ចេញ ទៅបម្រើសន្តិភាពនៅតាមបណ្តាប្រទេសនានា ក្រោមទង់អង្គការសហប្រជាជាតិ។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានថ្លែងអំណរគុណដល់ជនរួមជាតិទាំងអស់ ដែលបានគាំទ្រលើនយោបាយបរទេសរបស់សម្តេច ក្នុង រឿងបញ្ជូនកងទ័ពចេញទៅបំពេញការងាររក្សាសន្តិភាព ក្រោមទង់របស់អង្គការសហប្រជាជាតិ។ តាមរយៈបេសកកម្មនេះ កម្ពុជា ត្រូវ បានមន្រ្តីអង្គការសហប្រជាជាតិ កោតសរសើរ និងវាយតម្លៃខ្ពស់ផងដែរ៕

Advertising