(ព្រះវិហារ)៖ លោក សេង ទៀង ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ ម្សិលមិញ បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយសប្បុរធម៌របស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនគ្រួសារកូនភ្លោះ៣នាក់ នៅបដិវត្តន៍ ឃុំច្រាច់ ស្រុកជ័យសែន ខេត្តព្រះវិហារ។

អំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានប្រគល់ជូន រួមមាន៖ អង្ករ ២០០គីឡូក្រាម, ស្កសរ៥គីឡូក្រាម, ទឹកដោះគោម្សៅ១កេសធំ, សារុង០២, ក្រម៉ា០២ និងថវិកា៥លានរៀល។

ក្នុងឱកាសនោះ លោក សេង ទៀង បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានយកចិត្តទុកដាក់គិតគូរ ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ពិសេសគឺសុខទុក្ខអ្នកដែលសម្រាលបានកូនភ្លោះ៣ មិនតែប៉ុណ្ណោះ សម្តេចបានចាត់ទុកកូនភ្លោះ៣នេះ ជាចៅសម្តេចថែមទៀតផង។

ជាមួយគ្នានោះដែរ លោក សេង ទៀង ក៏បានណែនាំឱ្យក្រុមគ្រួសារកូនភ្លោះទាំង៣នេះ ត្រូវថែរក្សាសុខភាពឱ្យបានល្អ។

សូមបញ្ជាក់ថា គ្រួសារប្រជាពលរដ្ឋ ដែលសម្រាលបានកូនភ្លោះ៣ស្រីនោះ មានឪពុកមានអាយុ៣០ឆ្នាំ ចំណែកម្តាយ មានអាយុ២៣ឆ្នាំ ហើយនេះជាកូនលើកទី២ ដែលកូនលើកទី១ ភេទប្រុស។ នេះជាគ្រួសារកូនភ្លោះ៣ លើកទី៣៥៨ហើយ ដែលទទួលបានអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕