(ភ្នំពេញ)៖ ក្រុមការងារគណៈកម្មការចំពោះកិច្ចដើម្បីពិភាក្សាផ្តល់យោបល់ជុំវិញសេចក្តីព្រាងច្បាប់សហជីព ដែលមានសមាសភាពមកពីគណបក្សប្រជាជនកម្ពុជា និងគណកប្សសង្រ្គោះជាតិ នឹងធ្វើការប្រជុំគ្នាជាលើកដំបូង នៅរសៀល ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៦ស្អែកនេះ ដើម្បីពិភាក្សាលើសេចក្តីព្រាងច្បាប់សហជីព។ នេះបើតាមលោក សុខ ឥសាន សមាជិករបស់គណៈកម្មការចំពោះកិច្ចនេះ។

លោក សុខ ឥសាន បានឱ្យដឹងថា ការពិភាក្សានេះនឹងធ្វើឡើងនៅវិមានរដ្ឋសភា នាម៉ោង២៖០០រសៀល ដោយលើកឡើងតែចំណុចមួយចំនួន ដែលស្នើដោយសហជីពប៉ុណ្ណោះ ។ លោកថា «យើងនឹងពិភាក្សាជាចំណុចៗ ដែលសហជីពបានលើកឡើង បើមាត្រាណាដែលមិនមានភាពចម្រូងចម្រាស់ទេ យើងក៏មិនលើកមកពិភាក្សាដែរទេ យើងពិភាក្សាតែចំណុចណាដែលមានការពាក់ព័ន្ធនឹង ការស្នើសុំរបស់សហជីព»

កាលពីថ្ងៃទី២៨និង២៩ ខែធ្នូ ឆ្នាំ២០១៥ កន្លងទៅ ក្រុមសហជីពមួយចំនួន បានជួបពិភាក្សាជាមួយតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ ដាច់ដោយឡែកៗពីគ្នា ដើម្បីសម្តែងកង្វល់របស់ពួកគេជុំវិញសេចក្តីព្រាងច្បាប់សហជីព។ ក្រុមសហជីពបានស្នើឱ្យរដ្ឋសភា កែប្រែនូវមាត្រាមួយចំនួន ដែលយល់ថារឹតត្បិតដល់សកម្មភាពរបស់ពួកគេ។
លោក សោម អូន ប្រធានសហជីពជាតិកម្ពុជា បានបញ្ជាក់ថា ក្នុងជំនួបនោះ ក្រុមសហជីព បានស្នើឱ្យតំណាងរាស្រ្តពិភាក្សាកែប្រែទៅលើមាត្រាមួយចំនួននៃសេចក្តីព្រាងច្បាប់នេះ ដូចជា មាត្រា១៣ មាត្រា២០ មាត្រា២៨ មាត្រា២៩ មាត្រា៤១ មាត្រា៦៨ និងមាត្រា៨០ជាដើម។

សូមបញ្ជាក់ថា ក្រុមការងារគណៈកម្មការចំពោះកិច្ចដើម្បីពិភាក្សាផ្តល់យោបល់ជុំវិញសេចក្តីព្រាងច្បាប់សហជីពនេះ ត្រូវបានបង្កើតឡើងកាលពីខែមុន ដែលដឹកនាំដោយលោក ប៉ែន បញ្ញា ដែលមាន​សមាសភាព៥រូប មកពីខាងគណបក្សប្រជាជនកម្ពុជា និង៥រូប មកពីខាងគណបក្សសង្រ្គោះជាតិ ។ គណៈកម្មការនេះនឹងជួយពិនិត្យនិងផ្តល់យោបល់បន្ថែម ដល់គណៈកម្មការ​ជំនាញនៅក្នុងរដ្ឋសភា មុននឹងដាក់ជូនកិច្ចប្រជុំគណៈអចិន្រ្តៃយ៍ និងកិច្ចប្រជុំពេញអង្គរដ្ឋសភាអនុម័ត៕

Advertising