(ភ្នំពេញ)៖ តំណាងរាស្រ្តមកពីគណបក្សប្រជាជនកម្ពុជា លោក ឈាង វុន បានស្ម័គ្រចិត្តលាលែងសញ្ជាតិបារាំងដែលជាសញ្ជាតិទី២របស់លោក បើសិនជានៅថ្ងៃក្រោយនោះច្បាប់ក្នុងប្រទេសកំណត់ឱ្យតំណាងរាស្រ្តទាំងអស់នៅកម្ពុជា ត្រូវមានសញ្ជាតិខ្មែរតែមួយ។

លោក ឈាង វុន ដែលមានស្រុកកំណើតនៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ជាអតីតនិស្សិតអាហារូបករណ៍ខ្មែរនៅប្រទេសបារាំងកាលពីអំឡុងទស្សវត្សឆ្នាំ១៩៧០។ លោកបានទទួលសញ្ជាតិបារាំងនៅឆ្នាំ១៩៨៦ បន្ទាប់ពីធ្វើការងារនៅទីនោះអស់រយៈពេលជាង១០ឆ្នាំ មុនពេលដែលលោកត្រឡប់មកធ្វើជាអ្នកនយោបាយនៅប្រទេសកម្ពុជា។

លោក ឈាង វុន បាននិយាយថា «ខ្ញុំធ្វើនយោបាយនៅកម្ពុជាខ្ញុំគ្មានបំណងធ្វើជានាយករដ្ឋមន្រ្តីនោះទេ គ្រាន់តែថាខ្ញុំជាតំណាងរាស្រ្ត បើច្បាប់កំណត់ថាតំណាងរាស្រ្តត្រូវមានសញ្ជាតិតែមួយ ខ្ញុំនឹងលាលែងសញ្ញាតិបារាំងភ្លាមតែម្តង ព្រោះមិនមានផលប្រយោជន៍អ្វីទៀត»។

លោក វុន បានរស់នៅក្នុងប្រទេសបារាំងអស់រយៈពេល ២៨-២៩ឆ្នាំ។ នៅទីនោះលោករៀនផងធ្វើការផងរហូតបានបញ្ចប់សញ្ញាបត្រជាន់ខ្ពស់មួយចំនួនដូចជា ជំនាញគ្រប់គ្រងសហគ្រាសនិងវិស្វករ, ធនាគារនិងធានារ៉ាប់រង, ប្រព័ន្ធព័ត៌មានវិទ្យា និងហិរញ្ញវត្ថុជាដើម។ នៅទីនោះលោកក៏បានធ្វើការងារជាមួយក្រុមហ៊ុនឯកជនធំៗរបស់បារាំងជាបន្តបន្ទាប់។ លោកថា ច្បាប់នៅប្រទេសបារាំងមានលក្ខណៈតឹងរឹងដោយកំណត់ឱ្យមន្រ្តីរាជការទាំងអស់ត្រូវមានសញ្ជាតិបារាំង ហើយកំណត់ឱ្យអ្នកនយោបាយជាន់ខ្ពស់ ត្រូវតែមានសញ្ជាតិបារាំងតែមួយប៉ុណ្ណោះមិនឱ្យមានសញ្ជាតិផ្សេងនោះទេ ដើម្បីការពារផលប្រយោជន៍ប្រទេស។

លោក ឈាង វុន និយាយថា «នៅប្រទេសបារាំងមិនមែនតែសម្រាប់ការងារធំៗទេ សូម្បីតែធ្វើមន្រ្តីរាជការត្រូវតែមានសញ្ជាតិបារាំងដែរបានអាចធ្វើបាន ប៉ុន្តែគេមិនបានកំណត់ថាត្រូវមានសញ្ជាតិតែមួយនោះទេមន្រ្តីរាជការនោះ ក៏ប៉ុន្តែបើសិនជាឈរឈ្មោះបោះឆ្នោតមានសញ្ជាតិ២នោះ គឺធ្លាក់តែម្តង»។ លោកចោទជាសំណួរថា«វាដូចខ្ញុំអញ្ចឹងខ្ញុំមានសញ្ជាតិបារាំងដែរ ប៉ុន្តែបើសិនជាមានកិច្ចការមួយដែលត្រូវឱ្យការពារ ដោយមានការប្រកួតប្រជែងជាមួយបារាំងតើខ្ញុំត្រុវការពារមួយប្រទេសមួយណា គេតម្រូវឱ្យមានសញ្ជាតិតែមួយគឺដោយសាររឿងនេះ»។

នៅឆ្នាំ១៩៩០ លោក ឈាង វុន បានចាកចេញពីប្រទេសបារាំងមករស់នៅប្រទេសកម្ពុជា។ ដោយសារតែចេះភាសាបារាំង ស្ទាត់ជំនាញ លោកត្រូវបានថ្នាក់ដឹកនាំកំពូលរបស់គណបក្សប្រជាជនឱ្យជួយធ្វើជាអ្នកបកប្រែ គឺនៅពេលនោះហើយដែលលោក ឈាង វុន ចាប់ផ្តើមទទួលបានឱកាសធ្វើជាអ្នកនយោបាយ។ គ្រាដំបូងលោក ឈាង វុន ទទួលបានទទួលដំណែងខ្ពស់ ជាអនុរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងធ្លាប់បានធ្វើជាអគ្គរាជទូតខ្មែរនៅប្រទេសមួយចំនួនដូចជាប្រទេសអូស្រ្តាលី និងនូវែលសេឡង់, កូរ៉េខាងត្បូង និងនៅហ្សឺណែវ មុននឹងក្លាយជាតំណាងរាស្រ្ត។

បច្ចុប្បន្នក្នុងវ័យ៦៤ឆ្នាំ ក្រៅពីតួនាទីជាតំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង លោក ឈាង វុន ទទួលបានតំណែងជាប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៅក្នុងរដ្ឋសភា (ជាគណៈកម្មការទី១០នៃរដ្ឋសភា) និងជាអ្នកនាំពាក្យគណបក្សប្រជាជននៅរដ្ឋសភាផងដែរ៕